(កំពង់ធំ)៖ អាជ្ញាធរជាតិសំបូរព្រៃគុក បាននិងកំពុងសាងសង់សមិទ្ធផលសំខាន់ៗនៅតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបម្រើដល់ការអភិរក្ស និងការអភិវឌ្ឍ ក្នុងនោះរួមមានហេដ្ឋារចនាសម្ពន្ធក្នុងបរិវេណអាជ្ញាធរជាតិព្រៃគុក អគារសិក្សានិងសមិទ្ធផលគាំទ្រមួយចំនួនក្នុងសាកលវិទ្យាល័យតេជោសែនកំពង់ធំ និងផ្លូវវាងតំបន់ប្រាសាទសំបូរព្រៃគុក។

អាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងថា ហេដ្ឋារចនាសម្ពន្ធក្នុងបរិវេណអាជ្ញាធរជាតិសំបូរព្រៃគុក គឺមានការសាងសង់អគារស្នាក់ការ១ខ្នង របងព័ទ្ធជុំវិញ ដែលលាតសន្ធឹងលើផ្ទៃដីសរុប៥ហិកតា។ គម្រោងនេះត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុន លី ឈួង សំណង់ អាហរ័ណនីហរ័ណ។

ចំណែកនៅអគារសាកលវិទ្យាល័យតេជោសែនកំពង់ធំ គឺមានការសាងសង់អគារ២ខ្នង កម្ពស់៣ជាន់ គឺអគារ A និងអគារ C មានរបងព័ទ្ធជុំវិញ មានស្រះទឹក អន្តេវាសិកដ្ឋាន (ទីសំណាក់របស់សិស្សា) និងហេដ្ឋារចនាសម្ពន្ធផ្សេងទៀត។ សំណង់ទាំងអស់នេះលាតសន្ធឹងលើផ្ទៃដីសរុប២០ហិកតា ដោយវគ្គទី១ អនុវត្តគម្រោងរយៈពេល២ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២២។ គម្រោងនេះក៏ត្រូវបានអនុវត្តការដោយក្រុមហ៊ុន លី ឈួង សំណង់ អាហរ័ណនីហរ័ណដែរ។

ដោយឡែក សម្រាប់ការសាងសង់ផ្លូវវាងប្រាសាទសំបូរព្រៃគុកវិញ គឺមានប្រវែងសរុប ១៣.៤៩គីឡូម៉ែត្រ ទទឹង ១១ម៉ែត ក្នុងនោះត្រូវចាក់កៅស៊ូប្រភេទ AC ចំនួន ៩ម៉ែត្រ កម្រាស់ ៩ហ៊ុន ហើយមានស្ពាន លូ ដែលបានកំណត់រួចមកហើយ។ ការសាងសង់វាងផ្លូវនេះ គឺចាប់ផ្ដើមចេញពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក មកដល់ភូមិត្រពាំងជ្រូកឃុំសំបូរ ស្រុកប្រាសាទសំបូរ ដើម្បីវាងតំបន់ប្រាសាទសំបូរព្រៃគុក កុំឱ្យរថយន្តធំៗដឹកទំនិញចេញចូលនៅក្នុងតំបន់ប្រាសាទ។ គម្រោងសាងសង់នេះ គឺអនុវត្តដោយអាជ្ញាធរជាតិសំបូរព្រៃគុក។

អាជ្ញាធរជាតិសំបូរព្រៃគុកបានបន្តថា គម្រោងសាងសង់ទាំង៣ខាងលើនេះ គឺប្រើប្រាស់ថវិកានៅថ្នាក់ក្រោមជាតិ។

ខណៈដែលក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនោះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យវាយតម្លៃលើការសាងសង់ទាំង៣ទីតាំងសំខាន់ៗខាងលើនេះ។ ក្នុងការចុះត្រួតពិនិត្យនោះ លោកស្រីរដ្ឋមន្ត្រីបានដាស់តឿនឱ្យក្រុមការងារនៃអាជ្ញាធរជាតិសំបូរព្រៃគុក និងក្រុមហ៊ុនសាងសង់ត្រូវប្រកាន់ខ្ជាប់នូវគុណភាព ដោយអនុលោមរូបភាពទៅតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នារួចហើយ។

ជាមួយគ្នានេះ លោកស្រី ភឿង សកុណា បានជំរុញឲ្យក្រុមការងារត្រូវឧស្សាហ៍ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីរកឲ្យឃើញនូវគុណភាព សំដៅឱ្យការប្រើប្រាស់បានយូរអង្វែង និងសម្រាប់ក្មេងជំនាន់ក្រោយបានឃើញទាំងសំណង់អគារ ហេដ្ឋារចនាសម្ពន្ធ និងផ្លូវជាដើម៕