(រតនគិរី)៖ មានការប្តឹងផ្តល់គ្នារវាងភាគីម្ចាស់ដី និងអ្នកទិញដីមួយកន្លែងនៅក្រុងបានលុង ខេត្តរតនគីរី (បងប្អូនជីដូនមួយ) រហូតប្តឹងផ្តល់គ្នាដល់តុលាការកំពូល ហើយនៅទីបំផុតតុលាការកំពូល ក៏បានចេញសាលដីកាស្ថាពរ ដោយសម្រេចឲ្យម្ចាស់ដីដើមជាអ្នកឈ្នះ ខណៈអ្នកទិញដីចាញ់ក្តី។

ក្រោយមានដីកាស្ថាពររបស់តុលាការកំពូលរួចមក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តុលាការខេត្តរតនគិរី ក៏បានចុះអនុវត្តសាលដីកាស្ថាពរនៅលើដីជាក់ស្តែង ប៉ុន្តែត្រូវបានដកថយវិញ រង់ចាំការអនុវត្តលើកក្រោយទៀត ដោយសារអ្នកចាញ់ក្តី (អ្នកទិញដី) បានធ្វើការតវ៉ា និងចាត់ទុកថាខ្លួនមិនទទួលបានយត្តិធម៌នៅក្នុងសំណុំរឿងមួយនេះ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ម្ចាស់ដីដើមមានឈ្មោះ ញ៉ែម សុវណ្ណី និងប្តីឈ្មោះ កែវ ហាវី មានទីលំនៅភូមិកណ្តាល ខេត្តស្ទឹងត្រែង រីឯភាគីម្ខាងទៀតដែលអះអាងថា ខ្លួនជាអ្នកទិញដី មានឈ្មោះ ជួង អូន និងប្រពន្ធឈ្មោះ មាស ស៊ីថា មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។ ដីដែលកំពុងមានជម្លោះ និងប្តឹងផ្តល់គ្នានេះមានទទឹង៤៩ម៉ែត្រ និងបណ្តោ៦០ម៉ែត្រ។

តាមសេចក្តីរាយការណ៍ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងអាវុធហត្ថ, កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសាលដីកាតុលាការកំពូល ប៉ុន្តែត្រូវបានលើកពេលទៅថ្ងៃក្រោយ។

លោក លាង អ៊ូ បានប្រាប់ថា ម្ចាស់ផ្ទះដែលស្នាក់នៅបច្ចុប្បន្ន ត្រូវបានជូនដំណឹងចំនួន២លើករួចមកហើយ ឲ្យចាកចេញដោយស្ម័គ្រចិត្ត។ ដោយឡែកអ្នកជួលទីតាំងធ្វើអាជីវកម្មដូចជា កន្លែងជួសជុលរថយន្ត, តូបលក់ដូរឥវ៉ាន់ចាប់ហ៊ួយ មិនទាន់ជូនដំណឹងទេ ដូច្នេះតុលាការខេត្តរតនគិរី អនុញ្ញាតឲ្យពួកគាត់រុះរើចាកចេញដោយខ្លួនឯង គឺឲ្យទុកពេលមួយរយៈសិន។

លោកព្រះរាជអាជ្ញារងបញ្ជាក់ឲ្យដឹងទៀតថា កម្លាំងនឹងចុះមកអនុវត្តសាលដីកាស្ថាពរតុលាការកំពូលនៅពេលក្រោយ។ បើសិនមិនឃើញភាគីម្ចាស់ផ្ទះចាញ់ក្តី និងអ្នកជួលដីធ្វើអាជីវកម្មមិនព្រមចាកចេញទេ កម្លាំងសមត្ថកិច្ចនឹងធ្វើការរុះរើ ហើយបើមានការខូចខាត អាជ្ញាធរមិនទទួលខុសត្រូវឡើយ។

ទាក់ទិញទៅនឹងភាគីចាញ់ក្តីនៅតុលាការកំពូលខាងលើនេះ លោកស្រី មាស ស៊ីថា បានអះអាងថា គាត់បានទិញដីនេះក្នុងតម្លៃ៧២០០ដុល្លារ កាលពីឆ្នាំ១៩៩៧ ដោយមានលិខិតស្នាមសន្យាបញ្ជាក់សងបណ្តើៗក្នុង១ឆ្នាំឲ្យរួច នៅឆ្នាំ១៩៩៨។

លោកស្រីបញ្ជាក់ទៀតថា ការសងលុយថ្លៃទិញដី គឺវេរលុយទៅតាមប្រព័ន្ធអាយកូម និងប្រៃសណីយ៍ជាបន្តបន្ទាប់ ព្រោះកាលជំនាន់នោះ ផ្លូវធ្វើដំណើរទៅមករវាងខេត្តស្ទឹងត្រែង-រតនគិរី ជួបការលំបាក ដូច្នេះបានជាមិនមានលិខិតបញ្ជាក់ការទទួលលុយនោះទេ ណាមួយដោយយល់ថាជាបងប្អូនឯង (ម្ចាស់ដីត្រូវបងជីដូនមួយ)។

លុះដីមានតម្លៃនៅឆ្នាំ២០០៦ ម្ចាស់ដីបែរជាដាក់ពាក្យប្តឹងថា មិនបានទទួលលុយដែលគាត់វេរឲ្យជាបន្តបន្ទាប់នោះទេ។ ការអនុវត្តសាលដីកាស្ថាពរតុលាការកំពូលកាលពីម្សិលមិញ ក្រុមគ្រួសារលោកស្រី និងអ្នកជិតខាង បានអះអាងថា ពួកគាត់មិនបានទទួលយុត្តិធម៌នោះទេ និងបានសុំណូមពរឲ្យក្រសួងយុត្តិធ៌ម និងអាជ្ញាធរខេត្តរតនគិរី បើកការស៊ើបអង្កេតឡើងវិញផង។ យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការ បកស្រាយពីភាគីម្ចាស់ដីដើមបាននោះទេ៕