(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំង៣ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះសួរសុខទុក្ខ និងបានចែកបន្តោងកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្សទូទាំង ១៣ក្រុង/ស្រុក នៅក្នុងខេត្តព្រៃវែង ដែលធ្វើនៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ខេត្តព្រៃវែង។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្អូនៗ ក្មួយៗ ដែលជាសិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង លោក ជា សុមេធី ក៏បានលើកឡើងថា អស់រយៈពេលជាច្រើនខែកន្លងមកនេះ សាលារៀនទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តព្រៃវែង ត្រូវបាន បិទទ្វារដោយមិនដំណើរការឲ្យសិស្សានុសិស្សសិក្សារៀនសូត្រនោះទេ ដោយសារតែបញ្ហា នៃការរីករាយដែលឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

លោកបានបន្តថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំស្វះស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋ រហូតដល់ទៅចាប់ពីអាយុ ៥ឆ្នាំឡើងទៅធ្វើយ៉ាងណា ដើម្បីបង្កើតភាពសុំានៅក្នុងសហគមន៍ដើម្បីកាត់ផ្ដាច់ និងទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងយើងនេះ​ ហើយនៅពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាល ក៏បានប្រកាសបើកប្រទេសឡើងវិញ សាលារៀនក៏បានបើកឲ្យដំណើរការសិក្សារៀនសូត្រឡើងវិញផងដែរ ដោយយល់ឃើញថាប្អូនៗ កុមារ យុវជន បានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នានោះផងដែរ។

លោកអភិបាលខេត្ត ក៏សូមសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានសហការ សម្របសម្រួល និងយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅ និងនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលនាំឲ្យព្រះរាជាណាចក្រកម្ពុជា បានបើកសាលារៀនឡើងវិញ ទទួលបានជោគជ័យគួរ​ឲ្យ​កត់សម្គាល់ ជាពិសេសក្នុងខេត្តព្រៃវែង តែម្តង។

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានផ្ដល់នូវបន្តោងកាត សម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្សទាំង១៣ ក្រុង/ស្រុក នៃខេត្តព្រៃវែង ផងដែរ៕