(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជួសមុខឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន។

ការជំរុញរបស់ទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលលោកអញ្ជើញប្រកាសចូលកាន់តំណែងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

នៅក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី បានរំលឹកពីការតស៊ូ និងការលះបង់របស់អតីតយុទ្ធនៅក្នុងបុព្វហេតុជាតិមាតុភូមិក្នុងដំណាក់កាលជាតិជួបវិបត្តិភ្លើងសង្គ្រាម។ សម្រាប់ទេសរដ្ឋមន្ត្រី គន់ គីម អតីតយុទ្ធជន សុទ្ធជាអ្នកដែលបានផ្សារភ្ជាប់ខ្លួនជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរស្វែងរកសុខសន្តិភាព និងទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដែរថា ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោលើការងារអតីតយុទ្ធជននេះ លោកតែងទទួលបានការដាស់តឿន និងក្រើនរំលឹកជាប់ជានិច្ចពីសំណាក់សម្តេចតេជោ ឱ្យយកចិត្តទុកដាក់ គិតគូរលើសុខទុក្ខ ជីវភាព និងការរស់នៅរបស់អតីតយុទ្ធជន ជាពិសេសត្រូវប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់អតីតយុទ្ធជន និងប្រឹងប្រែងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យបានប្រសើរ តាមរយៈការផ្តល់ដីសម្បទានសង្គមកិច្ច ផ្តល់ផ្ទះ និងជំរុញការដាំដុះបង្កបង្កើនផលជាដើម។

ឈរលើស្មារតីនេះ ទេសរដ្ឋមន្ត្រី គន់ គីម ក៏បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេសនៅតាមរាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគេ ជាពិសេសសម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ត្រូវស្រង់ទិន្នន័យ ហើយរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង លោក ងួន រតនៈ ដែលត្រូវផ្ទេរភារកិច្ចពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ទៅបំពេញភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រីឯលោក សុខ លូ ដែលត្រូវផ្ទេរភារកិច្ចពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ មកបំពេញផ្ទេរភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបងវិញ៕