(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អប្រសើរផងដែរ។

ការជំរុញ និងណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ Video Conference) ជាមួយអាជ្ញាធរខណ្ឌ កងកម្លាំងប្រដាប់អាវុធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ចំពោះចំណាត់ការ នៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរ ពីអន្តរជាតិផងដែរ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ លើការទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។

អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់ និងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមានការកើតឡើងវិញ នូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង។ ដូច្នេះលោកស្នើឲ្យបន្តកិច្ចការងារនេះឲ្យបានប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើងមានសណ្តាប់ធ្នាប់របៀបរៀប និងមានបរិស្ថានល្អប្រសើរ។

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេ គឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវ គឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណាឲ្យការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕