(កំពង់ចាម)៖ ជនពិការក្រីក្រចំនួន ១គ្រួសារ ដែលរស់ភូមិម្រិញ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានទទួលផ្ទះចំនួន១ខ្នងពីមូលនិធិជនពិការ នៅថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២១។ ជនពិការរូបនេះមានឈ្មោះ នួន ណាវី ភេទស្រី អាយុ៥៤ឆ្នាំ ជាជនពិការជើងស្តាំនិងសតិបញ្ញា ត្រូវបានមូលនិធិជនពិការសម្រេចផ្តល់ផ្ទះថ្មី១ខ្នង ធ្វើអំពីថ្មប្រកស័ង្កសីទំហំ៤x៦ម៉ែត្រ ដើម្បីគាត់មានទីជំរករស់នៅសមរម្យ។

ពិធីនេះមានការចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ និងមានការចូលរួមជាកិត្តិយសលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក ជា បញ្ញា អភិបាលរងស្រុកព្រៃឈរ និងមន្រ្តីមូលដ្ឋានជាច្រើនរូប។

តាមការរាយការណ៍របស់អាជ្ញាធរឃុំ បានឱ្យដឹងថា ជនពិការខាងលើរស់នៅជាមួយកូនចំនួន២នាក់ ដែលក្នុងនោះកូនប្រុស១នាក់ក៏ជាជនពិការសតិបញ្ញាដែរ ដោយប្រភពចំណូលគឺពឹងផ្អែកទាំងស្រុងលើកូនស្រីរបស់គាត់ជាកម្មការនីរោងចក្រមួយកន្លែង។ មុននឹងទទួលបានផ្ទះនេះ គាត់មានផ្ទះចាស់ទ្រុឌទ្រោមមួយតែជាអកុសលត្រូវបានដួលរលំដោយសារខ្យល់កន្ត្រាក់ ហើយគ្រួសារគាត់បានមកស្នាក់នៅជាមួយបងប្អូនដែលនៅជិតផ្ទះគាត់បណ្តោះអាសន្ន។ ដោយឃើញទុកលំបាករបស់គ្រួសារលោកស្រី នួន ណាវី អាជ្ញាធរបានទំនាក់ទំនងទៅសាខាមូលនិធិជនពិការខេត្តកំពង់ចាម ដើម្បីសុំការគាំទ្រនានាដល់គ្រួសារជនពិការ។

តាមរយៈការសម្របសម្រួលពីសាខាមូលនិធិជនពិការខេត្តកំពង់ចាម និងមានការយកចិត្តទុកដាក់ពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ឃើញថាជនពិការខាងលើទទួលបានការគាំពារពិតប្រាកដកមែន ដូចអ្វីដែលមានក្នុងថ្ងៃនេះ គឺគ្រួសារគាត់ទទួលបានផ្ទះ១ខ្នងពីមូលនិធិជនពិការ។

លោក ជា បញ្ញា អភិបាលរងស្រុកព្រៃឈរ បានលើកឡើងថា ក្នុងនាមអាជ្ញាធរស្រុក លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលមូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រនៅស្រុកព្រៃឈរនេះ ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ក្រុមគ្រួសារគាត់។

លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា ជាការពិតណាស់កម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ជនពិការក្រីក្រ ក៏ដូចជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ម.ជ.ព.បានសាងសង់ និងប្រគល់ជូនជនពិការក្រីក្របានចំនួន ២៩ខ្នងហើយ និងបានប្រគល់ទទួលដល់ជនពិការចំនួន២២ខ្នង រួមទាំងផ្ទះដែលប្រគល់ក្នុងថ្ងៃនេះ។ លោកនាយក ក៏បានផ្តាំផ្ញើរដល់គ្រួសារជនពិការ សូមចូលរួមថែរក្សាផ្ទះថ្មីនេះឱ្យបានគង់វង្សយូរអង្វែង និងសូមថែរក្សាសុខភាពជៀសផុតពីជំងឺឆ្លងទាំងឡាយ។

ក្នុងពិធីនេះដែរ មូលនិធិជនពិការ ក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល២កញ្ចប់ និងមី១កេស។ ជាមួយគ្នានេះ សាខាកាកបាទក្រហមស្រុក តាមរយៈលោកអភិបាលរងស្រុកព្រៃឈរ ក៏បានឧបត្ថម្ភដល់ជនពិការផងដែរនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន៕