(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ត្រូវបានចាប់ផ្តើមដំណើរការ ដូចការដែលបានគ្រោងទុក នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួម ពីប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១រូប អមដោយមន្ត្រីជាន់ខ្ពស់របស់សហភាពអឹរ៉ុប និងអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល។

ក្នុងសន្ទរកថានេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមថ្លែងអំណរគុណ ជូនដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងស្ថាប័នដៃគូ ASEM ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM-13)។ សម្តេចតេជោ បានគូសរំលេចពីផលលំបាកទាំងឡាយបង្កឡើងដោយជំងឺកូវីដ១៩ ក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ។ សម្តេចតេជោ ក៏បានបង្ហាញនូវកិច្ចប្រឹងប្រែងរបស់ប្រទេសអាស៊ី-អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

ចំណែកឯបណ្តាអ្នកសម្របសម្រួលតំបន់សម្រាប់ក្រុមអឺរ៉ុប បានថ្លែងអំណរគុណ និងកោតសរសេីរ ដល់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលខិតខំជម្នះការលំបាក រហូតអាចរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រមួយនេះ បានយ៉ាងជោគជ័យ ក្រោយពន្យារពេលអស់ ២លើករួចមក។

ជាក់ស្តែង លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ជាអ្នកសម្របសម្រួលតំបន់សម្រាប់ក្រុមអឺរ៉ុប បានថ្លែងការអបអរសាទរ និងអរគុណកម្ពុជា ក្នុងការរៀបចំដ៏ល្អប្រសើរ ក្នុងការរៀបចំកិច្ចប្រជុំ ASEM លើកទី១៣ ប្រកបដោយជោគជ័យ។

លោកបន្តថា កិច្ចប្រជុំ ASEM ឆ្នាំនេះ ជាខួប ២៥ឆ្នាំ ហើយជាព្រឹត្តិការណ៍ដ៏ប្រសើរ សម្រាប់កត់ត្រានូវអ្វីដែលបានកំណត់ និងកំណត់ទិសដៅទៅអនាគត។ ASEM គឺជាការសន្ទនានយោបាយតែមួយគត់ រវាងអ្នកធ្វើគោលនយោបាយ ធុរជន អ្នកធ្វើការ អ្នកសិក្សា អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាន ក៏ដូចជាយុវជនរបស់យើង។

ចំណែកឯ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ជាអ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ក្រុមអឺរ៉ុប បានថ្លែងអំណរគុណដល់កម្ពុជា ក្នុងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរៀបចំកិច្ចប្រជុំកំពូលដ៏ជោគជ័យនេះ។

លោកស្រីបន្តថា ២៥ឆ្នាំមកនេះ កិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប បានជួយដោះស្រាយបញ្ហាធំៗសម្រាប់ទ្វីបទាំងពីរ។ នៅពេលខាងមុខ ភាពជាដៃគូនេះ នឹងជួយកាន់តែសំខាន់ ដើម្បីងើបឡើងពីអ្វីដែលបានបំផ្លាញ ដោយសារការរាលដាលជំងឺកូវីដ១៩ ដោយយើងកសាងពិភពលោកមួយ ដែលមានពហុភាគីនិយម។

ស្របពេលជាមួយគ្នានេះ លោក Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី ជាអ្នកសម្របសម្រួលប្រចាំតំបន់សម្រាប់ក្រុម NESA បានថ្លែងទស្សនទានថា គួរប្រើប្រាស់សក្តានុពលរបស់ ASEM ដើម្បីការតភ្ជាប់ក្នុងការកសាងទំនើបកម្មតំបន់ជនបទ។ ស្ថានភាពនៃជំងឺកូវីដ១៩ មិនអាចបោះចោលនរណាម្នាក់បានឡើយ។

លោកបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។ ទោះបីជា ពន្យារពេលរៀបចំកិច្ចប្រជុំនេះ ២ដង ប៉ុន្តែឥឡូវបានធ្វើការងារជាមួយគ្នាតាមអនឡាញ ក្រោមការខិតខំប្រឹងប្រែងរបស់កម្ពុជា។

រីឯលោក Janez Janša នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវេនី ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប និងជាអ្នកសម្របសម្រួលតំបន់សម្រាប់ក្រុមអឺរ៉ុប បានថ្លែងអំណរគុណ ចំពោះការលះបង់ និងការខិតខំរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ ASEM លើកទី១៣។ លោកបន្តថា ទោះបីជាមិនបានជួបគ្នាដោយផ្ទាល់ ក៏វាមិនមានបញ្ហាអ្វី ប៉ះពាល់ដល់កិច្ចប្រជុំនេះដែរ។

ក្នុងសុន្ទរកថាគន្លឹះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវបញ្ហាប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានគូសរំលេចថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំ មានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល។

សម្តេចតេជោ បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូល ASEM នាថ្ងៃនេះ គឺជាឱកាសដ៏ទាន់ពេលមួយ សម្រាប់ថ្នាក់ដឹកនាំ ASEMបញ្ជាក់សាជាថ្មី អំពីសារសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងសកល ដែលជាក្ដីបារម្ភរួមគ្នា។

សូមជម្រាបថា ASEM13 គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលទទួលបាននូវមហាកិត្តិយស និងមោទកភាព ក្នុងការរៀបចំជំនួបកំពូលកម្រិតពិភពលោកមួយ ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ចំនួន ៥១ប្រទេស មកពីទ្វីបទាំងពីរ ប្រធានសហគមន៍អឺរ៉ុប និងប្រធានក្រុមប្រឹក្សាអឺរ៉ុប បូកទាំងអគ្គលេខាធិការអាស៊ាន។ ប្រទេសជាសមាជិក ASEM គឺតំណាងឱ្យ ៦៥ភាគរយ នៃចំនួនសេដ្ឋកិច្ចពិភពលោក, ៦០ភាគរយ នៃចំនួនប្រជាជនពិភពលោកទាំងមូល, ចំនួន៥៥ភាគរយ នៃចំនួនពាណិជ្ជកម្ម និង៧០ នៃចំនួនទេសចរណ៍នៃពិភពលោកទាំងអស់៕