(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានសហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយសង្គមស៉ីវិល ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (NHRC)។

សិក្ខាសាលាពិគ្រោះយោបល់ បានធ្វើឡើងដោយមានការដឹកនាំពីលោកបណ្ឌិត ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ដោយមានការចូលរួមពីលោកស្រី Claudia de la Fuente តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ក៏ដូចជាបណ្តាអង្គការសង្គមស៉ីវិលជាច្រើនទៀត ដែលសិក្ខាសាលាបានធ្វើឡើងនៅអគារ STEM នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។

ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នជាតិសិទ្ធិមនុស្សជាតិមួយនេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនក្រុមអង្គការសង្គមស៉ីវិល នៅក្នុងការធ្វើសេចក្តីព្រាងច្បាប់នេះ ចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីព្រាងច្បាប់ណាមួយណដែលសម្រេចបានដោយអង្គការសង្គមស៉ីវិលទេ ទើបសម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ភារកិច្ចនេះមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពន្លឿនធ្វើសេចក្តីព្រាងច្បាប់នេះ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំធ្វើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ ដោយសហការជាមួយអ្នកជំនាញរបស់ការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកជំនាញមកពីវេទិកាអាស៉ីប៉ាស៉ីហ្វិក (Asia Pacific Forum-APF) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដោយបានរៀបចំសេចក្តីព្រាងច្បាប់មួយ ត្រឹមត្រូវស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលបានបញ្ចប់សេចក្ដីព្រាងទី១ កាលពីខែកក្កដា ឆ្នាំ២០២១ ដែលក្នុងសេចក្ដីព្រាងច្បាប់នេះមានចំនួន ៨ជំពូក និង ៣២មាត្រា។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ឱ្យមានកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់ចាប់ពីថ្នាក់តំបន់ អន្តរជាតិ ការពិគ្រោះយោបល់ផ្ទៃក្នុង រវាងអង្គការសង្គមស៉ីវិល ហើយដោយឡែកនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ សេចក្តីព្រាងច្បាប់នេះ ត្រូវដាក់ឱ្យជជែងពិភាក្សាជាមួយអង្គការសង្គមស៉ីវិលចំនួន១០ ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែម្តង៕