(កណ្តាល)៖ កម្លាំងជំនាញក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុន បាញ់សម្លាប់បុរសវ័យចំណាស់ម្នាក់ ស្លាប់នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងចាប់ជនសង្ស័យចំនួន៤នាក់ ត្រូវបានឃាត់ខ្លួន និងម្នាក់ទៀត ត្រូវបានសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល, ឧត្តមសេនីយ៍ស្នងការរង មេបញ្ជាការរងខេត្ត នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត អធិការ អធិការរង នាយប៉ុស្តិ៍រដ្ឋបាល មេបញ្ជាការកងរាជអាវុធហត្ថស្រុកផងដែរ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ឆា អាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់)។

ដោយជនសង្ស័យមានចំនួន០៥នាក់ រួមមាន៖

*ទី១៖ ឈ្មោះ អ៊ាន់ ម៉េងឡេង ហៅ ខ្លា ហៅ ប៉ាវ ហៅ ម៉េង អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ប្រើថ្នាំញៀន និងជាជនដៃដល់)
*ទី២៖ ឈ្មោះ ជឿន ជីវ័ន្ត អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ប្រើថ្នាំញៀន)
*ទី៣៖ ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល (ប្រើថ្នាំញៀន)
*ទី៤៖ ឈ្មោះ អាង រស្មី ហៅ ចែង ហៅ ស៊ុយ អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ប្រើថ្នាំញៀន)
*ទី៥៖ ឈ្មោះ ង៉ោ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនស្គាល់ (គេចខ្លួច)។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ផ្លាកលេខ តាកែវ 1Q-2185, ខោអាវចំនួន ០១កំផ្លេរ, សំបកគ្រាប់កាំភ្លើងខ្លីចំនួន ០៥គ្រាប់ លេខ 380 និងក្បាលគ្រាប់កាំភ្លើងខ្លីបាញ់រួចចំនួន០១។

សភាពនៃរឿងហេតុ រយៈពេលជាច្រើនឆ្នាំមកហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានជួញដូរថ្នាំញៀនជាលក្ខណៈធំ និងរយៈពេលជាច្រើនខែមកហើយស្នាក់នៅក្នុងកុងតាន័រ ក្នុងក្រុមហ៊ុន 7NG ភូមិវិហារសួគ៌ ឃុំវិហារសួគ៌។ ក្រោយមកបក្ខពួករបស់ខ្លួនរួមមាន៖ ឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច, ឈ្មោះ ជឿន ជីវ័ន្ត, ឈ្មោះ ង៉ោ បានមកស្នាក់នៅជាមួយ និងធ្វើជាអ្នកដឹកជញ្ជូនថ្នាំញៀនឱ្យតាមម៉ូយរបស់ឈ្មោះ អ៊ាន់ ម៉េងឡេង ហើយឈ្មោះ អ៊ាន់ ម៉េងឡេង មានអាវុធខ្លីចំនួនពីរដើម មានម៉ាកឡុក 98 ពណ៌ខ្មៅ ចំនួន០១ដើម និងម៉ាកប៉េអាតា ពណ៌ស ចំនួន ០១ដើម។ ដោយឡែកឈ្មោះ អង់ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល បានឱ្យគ្រាប់កាំភ្លើងឡុកមកឱ្យឈ្មោះ អ៊ាន់ ម៉េងឡេង ចំនួន១៣គ្រាប់ ហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានយកគ្រាប់កាំភ្លើងនោះមករក្សាទុក។

រយៈពេលជាង១ខែមកហើយឈ្មោះ អង់ បានឱ្យកាំភ្លើង K54 ចំនួន០១ដើម មកឈ្មោះ អ៊ាន់ ម៉េងឡេង រក្សាទុកបន្ទាប់មកឈ្មោះ អង់ ត្រូវបាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនឯឈ្មោះ អាង រស្មី ហៅចែង ហៅស៊ុយ ដែលជាអ្នកយកគ្រឿងញៀនពីឈ្មោះ អ៊ាន់ ម៉េងឡេង ទៅចែកចាយបន្ត។

ឈ្មោះ ចែង មានផ្ទះនៅជិតផ្ទះជនរងគ្រោះ បានប្រាប់ឈ្មោះ អ៊ាន់ ម៉េងឡេង ថា ឈ្មោះ ឆែម ឆា បានតាមដានពួកយើងពីរឿងចែកចាយថ្នាំញៀន។ ជនរងគ្រោះក៏ធ្លាប់ទៅលបមើលឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ អាង រស្មី និងបក្ខពួកដែលកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅចំការឫស្សីពីងពង់នៅភូមិដុល ហើយចាប់ពីពេលនោះមកឈ្មោះ អ៊ាន់ ម៉េងឡេង ក៏តាមដាន និងរៀបចំគម្រោងសម្លាប់ឈ្មោះ ឆែម ឆា ដោយឈ្មោះ អ៊ាន់ ម៉េងឡេង ឧស្សាហ៍ចេញចូលផ្ទះឈ្មោះ ម៉ោង ម៉ៃ ភេទប្រុស នៅភូមិដុល ឃុំសន្លុង ដែលជាអ្នកចែកចាយបន្តពីឈ្មោះ អ៊ាន់ ម៉េងឡេង ហើយរយៈពេលជាងកន្លះខែមកហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានឱ្យកាំភ្លើងខ្លីម៉ាក K54 ដែលឈ្មោះ អង់ ឱ្យមកខ្លួននោះបានឱ្យទៅឈ្មោះ ធួន ធា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល បន្តទៀត។

ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ អ៊ាន់ ម៉េងឡេង បានឱ្យកាំភ្លើងខ្លីម៉ាកប៉េអាតា ពណ៌ស ទៅឈ្មោះ សុទ្ធ ភារៈ ភេទប្រុស នៅភូមិដុល ឃុំសន្លុង ដែលជាអ្នកដឹកជញ្ជូនថ្នាំញៀនឱ្យតាមម៉ូយ របស់ខ្លួន បន្ទាប់មកសមត្ថកិច្ចខេត្តព្រៃវែង បានឃាត់ខ្លួនឈ្មោះ សុទ្ធ ភារៈ និងដកហូតយកកាំភ្លើងម៉ាកប៉េអាតា ពីបទចែកចាយថ្នាំញៀន។

ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទីឈ្មោះ អ៊ាន់ ម៉េងឡេង ជិះម៉ូតូម៉ាក Honda Beat ពណ៌ស លាយក្រហមឌុបឈ្មោះ យឿន សុខនឿន ហៅ ម៉េងតូច និងឈ្មោះ ង៉ោ ជិះម៉ូតូម៉ាកលេត ឌុបឈ្មោះ ជឿន ជីវ័ន្ត ចេញពីទូរកុងតឺន័រ ក្នុងក្រុមហ៊ុន 7NG មកយកថ្នាំញៀនពីឈ្មោះ រ៉ុម រ៉ាសា ភេទប្រុស នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ដោយឈ្មោះ អ៊ាន់ ម៉េងឡេង ទុកអាវុធខ្លីម៉ាកឡុក98 ក្នុងឃ្លុបម៉ូតូខាងមុខចំហៀងខាងស្ដាំ ដោយអាមេបញ្ចូលគ្រាប់បើកសោររួចជាស្រេច ហើយពេលយកថ្នាំញៀនបានឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ យឿន សុខនឿន ឈ្មោះ ង៉ោ ឈ្មោះ ជឿន ជីវ័ន្ត បានជិះម៉ូតូត្រឡប់សំដៅទៅភូមិដុល ឃុំសន្លុង ទាំងអស់គ្នា។

ដល់វេលាម៉ោង១៨៖០០នាទី ពេលទៅដល់ផ្លូវកែងភូមិថ្មី ឃុំសន្លុង និងភូមិដុល ឃុំសន្លុង ឈ្មោះ អ៊ាន់ ម៉េងឡេង បានប្រាប់ឈ្មោះ ង៉ោ ឱ្យជិះម៉ូតូបត់ឡើងមកវត្តសន្លុងវិញ ដើម្បីទិញទឹកផឹក ពេលនោះឈ្មោះ ង៉ោ បានជិះម៉ូតូឌុបឈ្មោះ ជឿន ជីវ័ន្ត មកពីមុខឯឈ្មោះ អ៊ាន់ ម៉េងឡេង ជិះម៉ូតូឌុបឈ្មោះ យឿន សុខនឿន មកពីក្រោយពេលជិតដល់កាល់រ៉ាសាំងតេលាភូមិសន្លុង ក៏ឃើញឈ្មោះ ឆែម ឆា ជិះម៉ូតូម៉ាកវ៉េវអាហ្វា ពណ៌ស ពីលិចទៅកើត (ច្រាស់ទិសគ្នា) ពេលឃើញដូចនោះឈ្មោះ អ៊ាន់ ម៉េងឡេង សួរឈ្មោះ យឿន សុខនឿន ថានេះ តាឆា ដែលអាស៊ុយប្រាប់ថា គាត់តាមដានយើងឈ្មោះ យឿន សុខនឿន ឆ្លើយថាខ្ញុំ អត់ដឹងទេ ពេលនោះឈ្មោះ ង៉ោ បានជិះម៉ូតូមកឈប់នៅការ៉ាស់សាំងតេលា ឯឈ្មោះ អ៊ាន់ ម៉េងឡេង ជិះម៉ូតូឌុបឈ្មោះ យឿន សុខនឿន ត្រឡប់តាមទៅមើលឈ្មោះ ឆែម ឆា ពេលជិះហួសជនរងគ្រោះបានបន្តិចឈ្មោះ អ៊ាន់ ម៉េងឡេង បានជិះម៉ូតូត្រឡប់មកក្រោយវិញ ពេលផុតម៉ូតូរបស់ឈ្មោះ ឆែម ឆា ចម្ងាយប្រហែល៣ម៉ែត្រ ជនដៃដល់ក៏បានបត់ម៉ូតូមកដេញតាមឈ្មោះ ឆែម ឆា វិញ។ ពេលមកដល់ទន្ទឹមនឹងម៉ូតូរបស់ឈ្មោះ ឆែម ឆា ចំហៀងខាងឆ្វេងឈ្មោះ អ៊ាន់ ម៉េងឡេង បានយកដៃស្ដាំ ដកកាំភ្លើងពីឃ្លុបម៉ូតូខាងមុខបាញ់ទៅលើឈ្មោះ ឆែម ឆា ត្រូវចំទ្រូងខាងស្ដាំរបួសឆ្អាលមួយកន្លែង និងត្រូវក្បាលចំនួន២គ្រាប់ បណ្ដាលឱ្យដួលម៉ូតូហើយស្លាប់នៅនឹងកន្លែង។

បន្ទាប់មកឈ្មោះ អ៊ាន់ ម៉េងឡេង បានជិះម៉ូតូឌុបឈ្មោះ យឿន សុខនឿន បន្តទៅមុខទៀត ឯឈ្មោះ ង៉ោ បានបត់ម៉ូតូពីការ៉ាស់សាំងតេលាឌុបឈ្មោះ ជឿន ជីវ័ន្ត ទៅតាមក្រោយម៉ូតូរបស់ឈ្មោះ អ៊ាន់ ម៉េងឡេង ដោយជិះបិទភ្លើង ហើយជនសង្ស័យទាំងបួននាក់ជិះម៉ូតូទាំងពីរគ្រឿងចូលទៅជួបឈ្មោះ អាង រស្មី ហៅ ស៊ុយ នៅក្នុងចំការពីងពង់ក្រោយផ្ទះឈ្មោះ តូ តាំង នៅចុងភូមិថ្មី ខាងលិចភូមិដុល ហើយឈ្មោះ អ៊ាន់ ម៉េងឡេង បានប្រគល់កាំភ្លើងខ្លីម៉ាកឡុក ដែលខ្លួនធ្វើសកម្មភាពបាញ់ នោះឱ្យទៅឈ្មោះ អាង រស្មី រក្សាទុក និងគ្រឿងញៀនម៉ាទឹកកកចំនួន ០២កញ្ចប់ និងនាំគ្នាជក់ថ្នាំញៀននៅក្នុងចំការឫស្សីពីងពង់ រហូតដល់ម៉ោង ២១៖០០នាទី យប់ថ្ងៃដដែលទើបឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ យឿន សុខនឿន ឈ្មោះ ជឿន ជីវ័ន្ត និងឈ្មោះ ង៉ោ បានជិះម៉ូតូទៅដេកក្នុងទូរកុងតឺន័រក្នុងក្រុមហ៊ុន 7NG ទាំងអស់គ្នា ឯឈ្មោះ អាង រស្មី បានជិះម៉ូតូយកកាំភ្លើងរបស់ឈ្មោះ អ៊ាន់ ម៉េងឡេងទៅផ្ទះរបស់ខ្លួន រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ អ៊ាន់ ម៉េងឡេង ឈ្មោះ យឿន សុខនឿន ឈ្មោះ ជឿន ជីវ័ន្ត ឈ្មោះ អាង រស្មី បាន ឯឈ្មោះ ង៉ោ គេចខ្លួនបាត់។

សម្រាប់ករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននិងកំពុងចាត់វិធានការបន្តទៀតតាមនីតិវិធី៕