(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនទាន់មានគោលការណ៍ ក្នុងការបន្ថែមសុពលភាពផ្តល់ការអនុគ្រោះ ដល់រថយន្តចង្កូតឆ្វេងដែលគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗនោះទេ ខណៈថ្ងៃកំណត់នៃការផ្តល់អនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០% សល់តែជាង១ខែទៀតតែប៉ុណ្ណោះ ពោលគឺផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។

នេះបើតាមការបញ្ជាក់របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

លោកបញ្ជាក់ថា ការមិនបន្តសុពលភាពអនុគ្រោះនេះ ដោយសារតែអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទុកពេលវេលាយូរសមរម្យហើយ សម្រាប់ម្ចាស់រថយន្តទាំងនោះឱ្យចូលខ្លួនមកបង់ពន្ធ។

លោកបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «អគ្គនាយកគយ និងរដ្ឋាករកម្ពុជា មិនទាន់មានការផ្តួចផ្តើម ឬសំណើរអីទេ ព្រោះមែនទែនទៅយើងអត់មានសិទ្ធិក្នុងការបន្ត ព្រោះនេះជាគោលការណ៍ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល បើសិនជាមិនមានការបន្តដោយរាជរដ្ឋាភិបាល ព្រោះថាបើមែនទែនទៅយើងឃើញរយៈពេលសមល្មមដែរពីខែ៩ ដល់ខែ១២ ពេលវេលាទុកឱកាសឱ្យចូលមកបង់ពន្ធអាករ ដើម្បីទទួលបានការអនុគ្រោះនេះ។ អីចឹងហើយយើងមិនទាន់មាន អ្វីដែលថាត្រូវបន្តសុពលភាព ក្នុងការពន្យារពេលក្នុងការអនុគ្រោះ១០% នៃពន្ធអាករ សរុបសម្រាប់រថយន្តចង្កូតឆ្វេងនោះទេ»

លោកបានលើកឡើងថា ម្ចាស់រថយន្តគ្មានពន្ធទាំងអស់ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ សូមមកបំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន១០%។ បើលើសពីថ្ងៃនោះនឹងត្រូវគិតពន្ធ១០០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

សូមជម្រាបថា ក្នុងរយៈពេលជាង២ខែ ពោលគឺគិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន១៦៤០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ និងតម្កល់ប្រាក់កក់បង់ពន្ធ ដែលមានទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក៕