(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រគល់ផ្ទះមនុស្សធម៌ទី៧៨ ដែលជាអំណោយរបស់លោក ធា ស៊ីវត្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហោ សាយ័ន្ត សមាជិកាសាខា ត្រូវបានធ្វើពិធីប្រគល់ជូនគ្រួសារបងស្រី សារ សួន ជាស្ត្រីមេម៉ាយមានកូនច្រើនក្នុងបន្ទុករស់នៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ការប្រគល់ផ្ទះនេះធ្វើឡើងក្រោមវត្តមានរបស់លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ផ្ទះមនុស្សធម៌នេះមានទំហំ៦ម៉ែត្រ គុណនឹង៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ។

លោកស្រី ទាង អេង ទៀសីហា បានលើកឡើងថា ក្នុងការប្រគល់ផ្ទះជូនគ្រួសារបងស្រី សារ សួន នាពេលនេះ ក៏មានអំណោយមនុស្សធម៌បន្ថែម សម្រាប់គ្រួសារទទួលបានផ្ទះមានមុង២ ភួយ២ សារុង២ ក្រមា២ កន្ទេល២ អង្ករ៦០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ អាវយឺត២ សម្ភារផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល។

ជាមួយគ្នានេះ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាបបានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល១ឈុត និងប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។

សម្រាប់លោកតាលោកយាយចូលរួមក្នុងពិធីនោះមានចំនួន៤០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី៦ សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី៧៨របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក៕