(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញ និងការវិវត្តន៍វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី មានឈ្មោះថា «អូមីក្រុង (Omicron)» ដែលអង្គការសុខភាពពិភពលោក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើវីរុសបំប្លែងខ្លួនថ្មីនេះ។

ក្រសួងសុខាភិបាលក៏បានបង្ហាញអំពីវិធានការបន្ថែមដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីខាងលើនេះ និងដើម្បីបន្តនិរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា ក្នុងនោះរួមមាន៖

១៖ សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធានការ «ពាការពារ និង៣កុំ» ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានា ដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ អនាម័យដៃដោយលាងសម្អាតញឹកញាប់ ការរក្សាគម្លាតសុវត្ថិភាពបុគ្គល១.៥ម៉ែត្រឡើង ការកែលម្អខ្យល់ចេញចូលនៃទីធ្លាក្នុងផ្ទះ ឬទីតាំងការងារ ឬទីតាំងប្រកបរបររកស៊ីទទួលទាន ជៀសវាងកន្លែងមានមនុស្សច្រើន កន្លែងដែលបិទជិតគ្មានខ្យល់ចេញចូល និងទទួលចាក់ថ្នាំបង្ការជំងឺកូដ-១៩ ឱ្យបានគ្រប់ដូសមូលដ្ឋានទាំងអស់គ្នា។

២៖ រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយដែលពាក់ព័ន្ធទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែក ដើម្បីកុំឱ្យមានការចម្លងបន្តទៅអ្នកដែលនៅជិតខ្លួន ឬក្រុមគ្រួសារខ្លួនក្នុងពេលរងចាំការវិភាគដើម្បីរកវីរុសកូវីដ-១៩ថ្មីនេះ។

៣៖ ត្រូវជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ជាពិសេសជនដែលងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដោយបុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវលើការការពារខ្លួន ព្រមទាំងគ្រួសារ និងសហគមន៍ ត្រូវលើកកម្ពស់ការចូលរួម តាមដាន និងអនុវត្តវិធានការការពារ និងស្វែងរកការព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺធ្ងន់ៗជាដើម៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖