(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានជំរុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា តាមមូលដ្ឋាន ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលេីការយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងពង្រឹងសមត្ថភាពក្រុមយុវជន ដេីម្បីបន្តវេន ក្នុងការចូលរួមឈរឈ្មោះជាបេក្ខភាព របស់គណបក្សប្រជាជនកម្ពុជា ជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។

ការជំរុញបែបនេះ របស់លោក វង សូត បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជេីញចូលរួមនៅក្នុងពិធី បោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ អាណត្តិទី៥ សម្រាប់ឆ្នាំ២០២២-២០២៧ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ លោក វង សូត ក៏បានបានផ្តាំឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវពង្រឹងស្មារតី ទាំងចំណេះដឹង បទពិសោធន៍ និងបង្កេីនប្រជាប្រិយភាព ជាមួយប្រជាពលរដ្ឋឱ្យបានល្អប្រសេីរនៅតាមមូលដ្ឋាន។

លោកបានបញ្ជាក់បន្ថែមទៀតថា មន្ត្រី CPP នៅមូលដ្ឋាន ត្រូវបន្តធ្វេីសកម្មភាពផុសផុលលេីចល័នារបស់គណបក្សឱ្យល្អប្រសេីរ និងមានប្រជាប្រិយភាពបន្ថែមទៀត និងជាពិសេសនោះសមាជិកសមាជិកាយេីងត្រូវពិនិត្យមេីលឯកសារដែលពាក់ព័ន្ធសម្រាប់ដំណេីរការបោះឆ្នោតបានគ្រប់គ្នាៗ។

បន្ថែមពីនេះ លោក វង សូត បានជំរុញដល់អាជ្ញាធរទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះថាកូវីដ១៩ មិនភ្លេចយេីងទេ ជាពិសេសត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» និងត្រូវរៀនរស់តាមគន្លងថ្មី ហេីយជាពិសេសនោះត្រូវរួមគ្នាអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសេីរ។

សូមជម្រាបជូនថា សម្រាប់ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំនេះ បេក្ខភាពដែលត្រូវបោះឆ្នោតស្ទាបស្ទង់ជ្រេីសរេីសក្រុមប្រឹក្សាឃុំអាណត្តិទី៥ មានសរុប២០រូប ហេីយក្នុងនោះមានអង្គបោះឆ្នោតមានចំនួន៩៦រូប ដោយអង្គបោះឆ្នោតជ្រេីសរេីសយកតែ ៩រូបទេ៕