(កំពង់ស្ពឺ)៖ ប្រពលរដ្ឋជាច្រើននាក់ បានឡោមព័ទ្ធឃាត់មនុស្សមួយក្រុម ដែលអះអាងថា ពួកគេជាកម្លាំងនគរបាល ព្រមទាំងដកកាំភ្លើងមួយដើមផងដែរ ខណៈដែលពួកគេបានចុះមកបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅមុខវត្តអង្គតាឡឹក ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា នៅម៉ោងកើតហេតុនោះ មានមនុស្សមួយក្រុមស្លៀកពាក់ស៊ីវិល បានអះអាងថា ពួកគេជាកម្លាំងនគរបាល ហើយចុះមកបង្ក្រាបករណីគ្រឿងញៀន។ ពេលនោះប្រជាពលរដ្ឋបានចេញទៅសាកសួរ ស្រាប់តែក្រុមទាំងនោះនិយាយមានទាំងកាំភ្លើងក្នុងដៃថា ពួកគេមកពីផ្នែកបង្ក្រាបគ្រឿងញៀនក្រសួងមហាផ្ទៃ។

ភ្លាមៗនោះ ជនម្នាក់បានស្ទុះមកទះកំផ្លៀងមួយលើឈ្មោះ ភឿង ឈឿង រស់ក្នុងភូមិអង្គឡឹក ឃុំសំបូរ ស្រុកសំរោងទង និងឈ្មោះ ញ៉េន រហូតជ្រុះទូរស័ព្ទពីដៃ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគេបានអង្គុយជុំគ្នាហូបចុកលេងសប្បាយនៅម្ខាងផ្លូវជាតិលេខ៥១ ពេលនោះបានឃើញរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2A-I2069 មកឈប់នៅចំណុចកើតហេតុ។ ដោយមានការសង្ស័យព្រោះទីតាំងធ្លាប់មានចោរប្លន់ម៉ូតូ ជនរងគ្រោះបានដើរឆ្លងផ្លូវទៅសាកសួរ ដោយប្រើពាក្យបងមកពីខាងណា ភ្លាមនោះពួកគេបានចេញមកវាយពួកគេតែម្តង ដោយនិយាយថា ពួកគេមកពីក្រសួងមហាផ្ទៃ ផ្នែកបង្ក្រាបគ្រឿងញៀន ថែមទាំងអាម៉េកាំភ្លើងចំនួន២ដង គំរាមបាញ់សម្លាប់មកលើជនរងគ្រោះថែមទៀត។

ដោយឃើញហេតុការណ៍មិនស្រួល ពួកគេបានហៅបងប្អូនអ្នកភូមិមកស្ទាក់រថយន្តជាប់មិនឱ្យទៅណាបានឡើយ ហើយក៏មានអន្តរាគមន៍ពីកម្លាំងមូលដ្ឋាន និងបានឃាត់នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទងតែម្តង។

ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា លោកវរសេនីយ៍ត្រី ម៉ុន ជាតិ ជាមន្ត្រីនគរបាលពិតមែន តែស្ថិតក្នុងអង្គភាពកីឡាទេ មិនមែនផ្នែកគ្រឿងញៀន ដូចប្រជាពលរដ្ឋប្រាប់ទេ។ នៅថ្ងនេះកន្លាំងជំនាញ នឹងកោះហៅឱ្យភាគីទាំងពីរបានជួបគ្នា និងបន្តសួរនាំបន្ថែម។

ចំណែកលោកវរសេនីយ៍ឯក សំ សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានប្រាប់ថា ពួកគេពិតជាមន្ត្រីនគរបាល តែមិនស្ថិតក្នុងអង្គភាពបង្ក្រាបគ្រឿងញៀនទេ ហើយម៉ោង២រសៀលថ្ងៃនេះ ពួកគេបានចូលមកបំភ្លឺហើយ៕