(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខសាសនិកខ្មែរឥស្លាម និងពិនិត្យការដ្ឋានសាងសង់វិហារ «ម៉ាស្ជីទីលរ៉ស់ម៉ះ» ស្ថិតក្នុងភូមិអូរសណ្តាន់ ឃុំអូរតានេស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

វិហារឥស្លាម «ម៉ាស្ជីទីលរ៉ស់ម៉ះ» មានទំហំ ៣៦ម៉ែត្រ គុណ៣០ម៉ែត្រ បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៩ ដែលមកដល់ពេលនេះ បានសម្រេចការសាងសង់ប្រមាណ៩០ភាគរយ ហើយចំណាយថវិកាប្រមាណ៣០ម៉ឺនដុល្លារអាមេរិក គ្រោងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ២០២១នេះ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា វិហារនេះ ក៏ដូចជាសមិទ្ធផលជាច្រើនទៀត គឺកើតឡើងបានដោយសារសុខសន្តិភាព ហើយ «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ»

លោកបន្ដថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាល ភាពរបស់ប្រជាជន។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ផងដែរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្ដថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែបានធ្វើឲ្យប្រទេសជាតិរីកចម្រើន និងមានសុខសុន្តិភាពប៉ុណ្ណោះទេ សាសនិកឥស្លាមនៅកម្ពុជាក៏បានប្រែមុខមាត់ថ្មី ដោយទទួលបានការយកចិត្តទុកដាក់ ជួយគាំទ្រ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យសង្គមកិច្ច និងឥស្លាមសាសនា ជាពិសេសមានថ្នាក់ដឹកនាំឥស្លាមជាច្រើនរូប បានកំពុងធ្វើការក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំជាដើម។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់សាសនិកឥស្លាមទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព បន្តការគាំទ្ររាជរដ្ឋាភិបាល និងត្រូវចេះការពារខ្លួន ដោយអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជម្ងឺគ្រប់ប្រភេទ ជំងឺកូវីដ១៩។ ក្នុងឱកាសនេះ លោកក៏បានឧបត្ថម្ភថវិកា ចំនួន៤លានរៀល ជូនដល់គណៈកម្មការវិហារ និង២លានរៀល ជូនដល់យុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ឆ្នាំង៕