(កំពង់ធំ)៖ លោកស្រី មាន សំអាន សមាជិកព្រឹទ្ធសភា អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈចលនាស្ត្រីកម្ពុជា បានជំរុញឱ្យបងប្អូនជនជាតិដើមភាគតិចគួយ ចូលរួមអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ជំនឿឱ្យបានគង់វង្សតកូនចៅជំនាន់ក្រោយ។

ការជំរុញបែបនេះ របស់លោកស្រី មាន អំអាន បានធ្វើឡើងក្នុងឱកាសដែលលោកស្រី បបានចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចគួយ នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ មានការចូលរួមពីលោកស្រី ឃួន ឃុនឌី លោកស្រី មុំ សណ្តាប់ និងក្រុមការងារខេត្ត ស្រុក ឃុំ ផងដែរ។

លោកស្រី មាន សំអាន បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងរំដោះប្រទេសជាតិ ហើយធ្វើការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឥតឈប់ឈរធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ទន្ទឹមនោះសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងទោះបីសម្តេចនៅឆ្ងាយក៏សម្តចនៅតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋព្រប់ពេលវេលា។

លោកស្រីបានបន្តថា ទន្ទឹមនឹងមានការរីកចម្រើនសូមឱ្យប្រជាពលរដ្ឋត្រូវចូលរួមអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី ជំនឿ ឱ្យបានគង់វង្ស និងលើកស្ទួយតម្លៃកេរ្តិ៍ដំណែលបុព្វបុរសបានបន្សល់ទុកឱ្យដើម្បីបង្ហាញដល់ភ្ញៀវជាតិ អន្តជាតិថាខ្មែរមានជំនឿ វប្បធម៌ ប្រពៃណីតាំងពីយូរយាណាស់មកហើយ។

ជាមួយមួយគ្នានេះដែរ លោកស្រី បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធចូលរួមពង្រឹងបង្ហាត់បង្ហាញដល់បងប្អូនដូចជាពិធី សែនព្រេន ច្រៀងរាំ របាំប្រពៃណី របាំដាំស្រូវ របាំបេះផ្លៃឈើ និងរបាំជាច្រើនទៀត ព្រមទាំងបង្ហាត់បង្ហាញពីសិប្បកម្មដោយដៃ នៅក្នុងមូលដ្ឋានដូចជាក្រងនូវសម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ជាដើម។

លោកស្រី មាន សំអាន បានកោតសរសើរដល់អាជ្ញាធរភូមិ ឃុំ ស្រុក មន្ត្រីជំនាញដែលនៅជាប់ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងស្វែងយល់ពីការលំបាកនិងភាពខ្វះខាតរបស់លោកតា លោកយាយគ្រប់ពេលវេលា សូមលោកតា លោកយាយគាំទ្រដល់ពួកគាត់ ដើម្បីគាត់មានលទ្ធភាពបម្រើបងប្អូនបន្តទៀត។ ព្រមទាំងបានអំពាវនាវដល់លោកតា លោកយាយ ត្រូវថែទាំសុខភាព នៅពេលអាកាសធាតុចុះត្រជាក់ និងត្រូវពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល អាល់កុល រក្សាគម្លាតសុវត្ថិភាព ជាការសំខាន់សម្រាប់ខ្លួនយើង ក្រុមគ្រួសារ កូន ចៅមានសុខភាពល្អ។

ចុងក្រោយលោកស្រី មាន សំអាន និងក្រុមការងារបាននាំយកសម្ភារៈមួយចំនួនទៅផ្តល់ជូនមាន ភួយ ក្រម៉ា សារ៉ុង សំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕