(ភ្នំពេញ)៖ ការសរសេរអត្ថបទដំណឹងក្តៅ (Spot News) នៃវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានរបស់ Fresh News បានបញ្ចប់នៅសប្តាហ៍នេះ ហើយនៅសប្តាហ៍ក្រោយនឹងបន្តការសិក្សារអំពី ការសរសេរបទយកការណ៍ ឬ Feature Story បន្តទៀត។

ការរៀនសរសេរ Spot News នេះ បានធ្វើឡើងអស់រយៈពេល ៦សប្ដាហ៍មកហើយ ដោយមានទាំងការសិក្សាអំពីទ្រឹស្ដី News Value, ការថ្លឹង 5wh’s ក្នុងការសរសេរប្រាប់តម្រុយព័ត៌មាន(Lead), ការសរសេរផ្នែកលម្អិតនៃព័ត៌មាន (Body) និង ការសរសេរផ្នែកចុងក្រោយនៃព័ត៌មាន Conclusion ជាដើម។

នៅថ្នាក់សិក្សាអំពីការសរសេរ Spot News នៃសប្ដាហ៍ទី៦នេះ FTC សិក្សាពីការសរសេរផ្នែកចុងក្រោយនៃព័ត៌មាន Conclusion ហើយបន្ថែមពីនេះ ក៏រំលឹកអំពីការជ្រើសរើស និងសម្រិតសម្រាំងក្វូត ដើម្បីយកមកប្រើនៅក្នុងអត្ថបទ ឲ្យស៊ីគ្នាជាមួយនឹង Lead ក៏ដូចជាបច្ចេកទេសនៅក្នុងទាញបញ្ចូលសាច់រឿង ដើម្បីឲ្យអត្ថបទព័ត៌មានកាន់តែមានភាពទាក់ទាញ និងស៊ីជម្រៅថែមទៀត។

ថ្នាក់បណ្ដុះបណ្ដាល Fresh News មានការបង្ហាត់បង្រៀនដោយផ្ទាល់ពីលោកព្រឹទ្ធាចារ្យ ម៉ារ យ៉ារិទ្ធ ដែលជាប្រធានមជ្ឈមណ្ឌលផ្ទាល់តែម្ដង។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះព្រឹទ្ធាចារ្យដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

វគ្គសិក្សាដំបូងនេះធ្វើឡើងរយៈពេល៣ខែ មានសិក្ខាកាមជាបុគ្គលិកនៃអង្គភាពព័ត៌មាន Fresh News ចូលរួមប្រមាណ៣០នាក់។ ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាពព័ត៌មាន Fresh News និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត។

សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម៕

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ៖ 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬតេឡេក្រាម៖ 092 322 334