(រតនគិរី)៖ ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការជាមន្ត្រីរាជការនៅខេត្តរតនគិរីប្រចាំឆ្នាំ២០២១ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន៩១នាក់ ក្នុងនោះក្របខណ្ឌមន្ត្រីគ្រប់រដ្ឋបាលជាន់ខ្ពស់មាន៦២នាក់ ក្របខណ្ឌមន្ត្រីក្រមការមាន៧១នាក់។

ការប្រឡងនេះធ្វើឡើងនៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ការប្រឡងបានប្រព្រឹត្តទៅក្រោមវត្តមានលោក គិត ទ្រី អភិបាលរងខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្ត។ បេីតាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រឡងបានលើកឡើងថា នៅក្នុងមណ្ឌលប្រឡងព្រឹកថ្ងៃទី២៨នេះ ការប្រឡងមានរយ:ពេលតែជិត២ម៉ោងប៉ុណ្ណោះ។ ចំណែកមុខវិជ្ជាដែលត្រូវប្រឡងមានចំនួន២ គឺមុខវិជ្ជាជំនាញឯកទេស និងមុខវិជ្ជាភាសាអង់គ្លេស។

លោក គិត ទ្រី បានណែនាំទៅដល់បេក្ខជន-បេក្ខនារីត្រូវយកចិត្តទុកដាក់ប្រឹងប្រែងបញ្ចេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រ៊ុយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលល្អប្រឡងជាប់ជាមន្ត្រី បេក្ខជននឹងក្លាយជាអ្នកបន្តវេន ជាទំពាំងស្នងឫស្សី ដើម្បីចូលរួមបំរើប្រជាពលរដ្ឋ បម្រើប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើនិងណែនាំដល់បេក្ខជន-បេក្ខនារី លោកគ្រូ អនុរក្សទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវបទបញ្ញាត្តិផ្ទៃក្នុងនៃការប្រលងនេះ ធ្វើយ៉ាងណាដើម្បីទទួលបាននូវមន្ត្រីដែលមានចំណេះដឹងពិតប្រាកដ ដើម្បីមានសមត្ថភាពក្នុងការបម្រើការងារជូនរដ្ឋ និងជួយអភិវឌ្ឍប្រទេសជាតិ៕