(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។

ក្រុមការងារនេះមានចំនួន៦ក្រុម ហើយ១ក្រុមៗដឹកនាំដោយ ដឹកនាំដោយរដ្ឋលេខាធិការមួយរូបនៃក្រសួងរៀបចំដែនដី ដោយចុះទៅកាន់ខេត្តនីមួយៗ ជាប់បឹងទន្លេសាប។ ក្រុមការងារនេះមានភារកិច្ចដូចខាងក្រោម៖

ក. ក្រុមទទួលបន្ទុកតាមខេត្តសហការសម្របសម្រួលជាមួយ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំរាយការណ៍វឌ្ឍនភាពការងារជាប្រចាំជួនក្រុមទទួលបន្ទុកសម្របសម្រួលនិងបូកសរុបបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។

ខ. ក្រុមទទួលបន្ទុកសម្របសម្រួលនិងបូកសរុបបូកសរុបលទ្ធផលការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ រាយការណ៍វឌ្ឍនភាពការងារជាប្រចាំជូនថ្នាក់ដឹកនាំក្រសួងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។

ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទឱ្យជួយការងារតាមការចាំបាច់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ សម្តេចបានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា៖