(បន្ទាយមានជ័យ)៖ កម្លាំងប្រជាការពារ និងប្រជាពលរដ្ឋចាស់ជរាពិការ ចំនួន២០០គ្រួសារ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលអំណោយពីក្រុមហ៊ុន ម៉ាដាមដា ខូស្មេកទិក (Madam DA cosmetic ) តាមរយៈលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានប្រចាំការដឹកនាំការអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ និងលោកស្រី សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន។

កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោក ឌៀង សារ៉ាន់, លោក គង់ ចំរុង ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងលោក ប៉ាន់ ខែមវឌ្ឍនា, លោកស្រី ឌៀង ម៉ូលីកា និងលោកស្រី យូសុះ ហ្វាតៀរនី សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយលោក យ៉ាង គីមហ៊ុយ សប្បុរសជនគាំទ្រការអភិវឌ្ឍន៍តំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ, លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ និងក្រុមការងារស្រុក-ឃុំ ព្រមទាំងក្រុមការងារប្រចាំការតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ។

លោកស្រីនាយិកាក្រុមហ៊ុន ម៉ាដាមដា ខូស្មេកទិក (Madam DA cosmetic) បានសម្តែងនូវអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមធ្វើសកម្មភាពសប្បុរសធម៌ជាមួយ ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះឈ្នះនេះផ្ទាល់។ អ្វីដែលធ្វើឱ្យលោកស្រីនាយិកាក្រុមហ៊ុន ម៉ាដាមដា ខូស្មេកទិក (Madam DA cosmetic ) កាន់តែរំភើបរំជួលចិត្តនោះ គឺនៅពេលបានលឺប្រជាពលរដ្ឋនៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះលើកឡើងថា ជីវិតក្រុមគ្រួសារពួកគាត់សព្វថ្ងៃពិតជារស់ នៅប្រកបដោយក្តីសង្ឃឹម និងរីករាយណាស់ ព្រោះបានឃើញសមិទ្ធផលនានាជាច្រើន កំពុងកសាងលេចចេញជារូបរាងក្រោមការដឹកនាំអភិវឌ្ឍន៍ ផ្ទាល់របស់ក្រុមការងារខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្នុងឱកាសនោះ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋ។

បន្ថែមលើនេះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានរំលឹកសង្ខេបអំពីអនុស្សាវរីយ៍ធ្លាប់មានជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់បឹងជង្រុក និងប្រវត្តិចូលមកដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះរហូតឈានដល់ដំណើរការអភិវឌ្ឍន៍សមិទ្ធផលនានាក្រោមកិច្ចសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំតំបន់ដែលធ្លាប់មានវិវាទរ៉ាំរ៉ៃមួយនេះឱ្យក្លាយមកជាតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះដូចសព្វថ្ងៃ។

ជាមួយគ្នានោះលោក ប៉ាន់ខែម ប៊ុនថន ក៏បានលើកឡើងអំពីគុណតម្លៃនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋានគ្រឹះនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជាតិកម្ពុជាតរៀងមក។

នៅក្នុងពិធីនោះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ម៉ាដាមដា ខូស្មេកទិក (Madam DA cosmetic ) ដែលបានផ្តល់អំណោយដល់កម្លាំងប្រជាការពារនិងប្រជាពលរដ្ឋចាស់ជរា ពិការ ចំនួន២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន៩ម៉ឺនរៀល៕