(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតមួយចូលរួមរំលែកទុក្ខ ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

តាមសារលិខិតចូលរួមរំលែកទុក្ខ, សម្តេចក្រឡាហោម មានសេចក្តីរន្ធត់ តក់ស្លុត និងសង្វេគសោកស្ដាយឥតឧបមា ចំពោះដំណឹងដ៏ក្រៀមក្រំនៃការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ។ សម្តេចបានចាត់ទុកថា ការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនត្រឹមតែជាការបាត់បង់សមាជិកព្រះរាជវង្សានុវង្សដែលជាបញ្ញវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណមិនខ្លាចនឿយហត់ ចូលរួមចំណែកយ៉ាងសកម្មបម្រើក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។

«ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំអាឡោះអាល័យបំផុតនេះ ទូលព្រះបង្គំ និងភរិយាព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជបុត្រាបុត្រី និងសូមឧទ្ទិសបួងសួងនូវព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខក្នុងព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ នេះបើតាមសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖