(ភ្នំពេញ)៖ លោក ម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា បានសន្យានឹងខិតខំជំរុញអ្នកវិនិយោគិនឆែកមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនឡើង។

លោកអគ្គរដ្ឋទូតបានអះអាងបែបនេះ ក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យ លោកចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

លោកបានជម្រាបជូនសម្តេចថា ក្រុមហ៊ុនរបស់ឆែកបានកំពុងវិនិយោគនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាត ដូច្នេះលោកនឹងសិក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទំាងពីរឲ្យកាន់តែមានទំហំធំឡើង។

ទោះយ៉ាងណា លោក ម៉ាទីន វែវរ៉ា លើកឡើងថា ឆែកបានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំ។ កាលពីពេលថ្មីនេះ ជំនួយឧបករណ៍បរិក្ខារពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្តតាកែវ ហើយឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែក។

ក្រៅពីសំណូមពរខាងលើ សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍ និងអបអរសាទរ លោក ម៉ាទីន វែវរ៉ា ដែលត្រូវបានរដ្ឋាភិបាលឆែក តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចបានលើកឡើងថា ប្រទេសទំាងពីរកម្ពុជា និងឆែក បានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំងពីរ ទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ជារៀងរហូតមក។ នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ឆែកបានរួមចំណែកអភិវឌ្ឍកម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន។

សម្តេចបានបញ្ជាក់ថា ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក ដែលមានប្រព័ន្ធអប់រំល្អប្រកបដោយគុណភាពខ្ពស់ តំាងពីសម័យមុនមកម្លេះ។ សម្តេចប្រធានរដ្ឋសភាមានជំនឿថា បេសកកម្មការទូតថ្មីរបស់លោក នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទំាងពីរ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

រដ្ឋសភាកម្ពុជា បានសម្តែងការគាំទ្រចំពោះបេសកកម្មការទូត របស់លោក និងត្រៀមធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យបេសកកម្មការទូតរបស់លោក ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ៕