(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្វាយសារលិខិតចូលរួមរំលែកទុក្ខ ទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ព្រះអង្គម្ចាស់ក្សត្រី ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសារលិខិតរំលែកទុក្ខ របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា៖ «ទូលព្រះបង្គំជាខ្ញុំមានសេចក្តីរន្ធត់ក្តុកក្តាលឥតឧបមា និងសោកស្តាយជាទីបំផុតដោយបានទទួលដំណឹងអំពីការយាងសោយព្រះទីវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ»។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុកថា ការយាងសោយព្រះទីវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់មានព្រះហឫទ័យស្នេហាជាតិសាសនា និង ព្រះមហាក្សត្រ ប្រកបដោយឆន្ទៈមនសិកាមោះមុត និងឈ្លាសវៃ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា «ក្នុងឱកាសដ៏សែនសង្វេគប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ទូលព្រះបង្គំជាខ្ញុំសូមចូលរួមរំលែកព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៏ជ្រាលជ្រៅ និងសេចក្តីក្រៀមក្រំសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុតជាមួយ ព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រាបុត្រី ព្រមទាំងរាជវង្សានុវង្ស ក្នុងឱកាសការបាត់បង់សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ដោយការសោកស្តាយបំផុត និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យទាំងអស់ ជាពិសេសព្រះបរមរតនកោដ្ឋ សូមដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ទ្រង់បានយាងទៅកាន់សុគតិភពជានិច្ចនិរន្តរ កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះអង្គម្ចាស់ក្សត្រី ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់អំពីទូលព្រះបង្គំជាខ្ញុំ»

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖