(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិតចូលរួមរំលែកទុក្ខ ទូលថ្វាយ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ព្រះអង្គម្ចាស់ក្សត្រី ចំពោះការយាងសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសារលិខិតរំលែកទុក្ខ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «ខណៈនេះទូលព្រះបង្គំនិងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំនិងភរិយា សូមចូលរួមរំលែកព្រះមរណទុក្ខ ជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា។

«ទន្ទឹមនេះ ទូលព្រះបង្គំនិងភរិយា សូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះអង្គម្ចាស់ក្សត្រីយ៍ និងព្រះរាជបុត្រគ្រប់ព្រះអង្គ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំនិងភរិយា»។ នេះបើតាមសារលិខិតរំលែកទុក្ខរបស់ សម្តេចពិជ័យសេនា ទៀ បាញ់។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់ សម្តេចពិជ័យសេនា ទៀ បាញ់៖