(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតទួគីប្រចាំកម្ពុជា លោកស្រី Gizem Kumas បានថ្លែងថា ទួគីនឹងជួយដល់ប្រទេសកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ការថ្លែងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាទីស្ដីការក្រសួង។

លោកស្រីឯកអគ្គរដ្ឋទូតទួគី បានគូសបញ្ជាក់ថា គោលបំណងដែលលោកស្រី បាននាំសហការីផ្នែកគ្រប់គ្រងគម្រោងអភិវឌ្ឍរបស់ប្រទេសទួគីមកថ្ងៃនេះ ដើម្បីសិក្សាគម្រោងមួយចំនួន ដើម្បីជួយប្រទេសកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះលោកស្រីចង់សិក្សាស្វែងយល់ពីផ្នែកអាទិភាពណាខ្លះ ដែលទួគី អាចជួយលើកស្ទួយសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា។

បើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ បានឱ្យដឹងថា នេះជាលើកដំបូងហើយ ដែលស្ថានទូតទួគីប្រចាំកម្ពុជា ចង់ជួយក្នុងវិស័យសុខាភិបាល ជាពិសេសចង់ចាប់ផ្ដើមធ្វើការទំនាក់ទំនងជាមួយសុខាភិបាល ក្នុងការជួយប្រជាពលរដ្ឋ លើសពីនោះជួយគាំទ្រផ្ដល់នូវសេវាសុខាភិបាល។

លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «សម្រាប់ក្រសួងសុខាភិបាល ចង់ឱ្យគម្រោងដែលប្រទេសទួគីជួយនោះ លើការពិនិត្យមើលតាមមន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យតាមបណ្ដាខេត្ដ និងជួយលើផ្នែកមន្ទីរពិសោធន៍ផងដែរ»។

ជាការឆ្លើយតប លោកស្រី Gizem Kumas បានទទួលយកសំណើរនេះ ហើយលោកស្រី និងសហការី នឹងចុះទៅពិនិត្យមន្ទីរពេទ្យខេត្ដកណ្ដាល និងមន្ទីរពេទ្យមួយចំនួនទៀតនៅរាជធានីភ្នំពេញ ។គម្រោងជាជំហានដំបូងនេះ លោកស្រីចង់ផ្ដល់លើកិច្ចការងារអ្វីដែលឃើញសមិទ្ធិផលឆាប់ៗ។

សូមជម្រាបថា កន្លងមកនេះ ទួគីបានជួយកម្ពុជាជាច្រើន លើវិស័យសុខាភិបាល តាមរយៈទ្វេភាគី។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ៕