(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើមេសហជីពត្រូវចាត់ទុកក្រសួងការងារជាដៃគូ និងជាយន្តការផ្តល់សេវាផ្លូវច្បាប់ ប្រសិនបើមានបញ្ហាប្រឈមអ្វីមួយដែលមិនអាចធ្វើការដោះស្រាយបាន អាចពិគ្រោះយោបល់ជាមួយក្រសួងបានគ្រប់ពេលវេលា ដើម្បីដោះស្រាយបញ្ហាជូនកម្មករនិយោជិត។

ការលើកឡើងបែបនេះរបស់លោក អ៉ិត សំហេង ធ្វើបានអនុញ្ញាតឱ្យលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្ម ដឹកនាំក្រុមការងារចូលជួបពិភាក្សាការងារនូវកិច្ចការមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ គោលបំណងនៃជំនួបនេះដែរ គឺពិភាក្សាការងារក្នុងភាពជាដៃគូជាមួយក្រសួង និងដើម្បីផ្តល់កិច្ចការពារសិទ្ធ និងអត្ថប្រយោជន៍ជូនកម្មករកាន់តែប្រសើរថែមទៀត។

លោក អាត់ ធន់ បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហការគាំទ្រ ជួយដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនរបស់សហជីពនៅក្នុងដំណើរបំពេញបេសកម្មការពារអត្ថប្រយោជន៍ សិទ្ធិសេរីភាព លក្ខខណ្ឌការងាររបស់កម្មករនិយោជិតឲ្យកាន់តែមានប្រសិទ្ធភាព ទាំងក្នុងវិស័យទេសចរណ៍ វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងវិស័យមួយចំនួនទៀត។

លោកថា នៅក្នុងដំណាក់កាលនៃបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ បានខិតខំដាក់ចេញនូវវិធានការតាំងពីជុំទី១ ដល់បច្ចុប្បន្នជុំទី១០ សំដៅជួយរក្សាលំនឹងពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បីធានានូវនិរន្តភាពការងារ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិតដែលរងផលប៉ះពាល់ខ្លាំង។

លោក អ៉ិត សំហេង បានបង្ហាញនូវភាពរីករាយក្នុងការធ្វើជាដៃគូជាមួយសហជីព ដែលក្រសួងតែងតែធ្វើកិច្ចការនេះជាមួយគ្នា ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងយន្តការនានាជាលក្ខណៈទាំងទ្វេភាគី និងត្រីភាគី ដែលជាការកាត់បន្ថយបាននូវការមិនយល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដែលអាចក្លាយទៅជាការមិនយល់គ្នា ហើយបង្កទៅជាវិវាទការងារ ឈានទៅការធ្វើបាតុកម្ម កូដកម្មគ្រប់រូបភាព ដែលបង្កឲ្យមានបញ្ហាស្មុគស្មាញដល់សង្គមជាតិ ខូចផលប្រយោជន៍ទាំងនិយោជក និងកម្មករនិយោជិត ហើយប៉ះពាល់ដល់ការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ។

លោកបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តខិតខំប្រឹងប្រែងដោះស្រាយសម្រួលជីវភាពដល់កម្មករនិយោជិត និងជួយរោងចក្រ សហគ្រាសឲ្យមានលទ្ធភាពបើកដំណើរការផលិតកម្ម អាជីវកម្ម ដើម្បីបន្តឲ្យមាននិរន្តភាពការងារជូនកម្មករនិយោជិត។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា វិស័យទេសចរណ៍ គឺមានការរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងដំណាក់ការកូវីដ-១៩នេះ ដោយក្រុមហ៊ុនខ្លះពិបាកទប់ទល់ទៅនឹងវិបត្តិការឆ្លងរាតត្បាតនៃជំងឺ ដែលបានអូសបន្លាយប្រមាណ២ឆ្នាំមកនេះ ត្រូវបានបិទទ្វារឈប់ដំណើរការអាជីវកម្មរបស់ខ្លួន។ នេះជាស្ថានភាពលំបាករួមជាសកលផ្នែកវិស័យទេសចរណ៍នេះ ប្រទេសណាក៏ប៉ះទង្គិចដែរ។

លោកករដ្ឋមន្ត្រីបានស្នើដល់ខាងសហជីពឲ្យមានការយោគយល់នៅក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលទាំងនិយោជក និងកម្មករនិយោជិតក្នុងវិស័យនេះជួបការលំបាក បើទោះជារាជដ្ឋាភិបាលបានផ្តល់នូវការអន្តរាគមន៍ជួយដល់ការព្យួរការងារ ក៏និយោជកភាគច្រើនក្នុងវិស័យនេះមិនអាចដោះស្រាយបាននូវការធានាដល់អត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដូចក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង។

លោកសង្ឃឹមថា ពេលដែលវិស័យទេសចរណ៍អាចមានដំណើរការល្អប្រសើរឡើងវិញ ការគិតគូលើលក្ខខណ្ឌការងារ ជាពិសេសលើអត្ថប្រយោជន៍នានារួមទាំងការពង្រីកវិសាលភាពទៅប្រាក់ឈ្នួលអប្បបរមា ក៏នឹងត្រូវយកមកពិភាក្សានៅក្នុងយន្តការនៃក្រុមប្រឹក្សាជាតិបា្រក់ឈ្នួលផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សហជីពត្រូវចាត់ទុកក្រសួងជាដៃគូ ជាយន្តការផ្តល់សេវាផ្លូវច្បាប់ បើមានបញ្ហាប្រឈមអីមួយគិតថាមិនអាចធ្វើការដោះស្រាយបាន អាចមកពិគ្រោះយោបល់កិច្ចការផ្សេងៗទាំងនោះ ជាមួយក្រសួងបានគ្រប់ពេលវេលា»។

លោករដ្ឋមន្រ្តីបានណែនាំឱ្យអគ្គនាយដ្ឋានការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការដោះស្រាយបាតុកម្ម កូដកម្មគ្រប់មុខសញ្ញា បន្តធ្វើការកាន់តែជិតស្និតថែមទៀតជាមួយសហជីព ដោះស្រាយនៅចំណុចដែលសេសសល់ឱ្យបានឆាប់ ហើយពិនិត្យរៀបចំនូវសេចក្តីណែនាំ ឬលិខិតបទដ្ឋានគតិយុត្តបន្ថែម ដើម្បីធានាដល់ការអនុវត្តច្បាប់ស្តីពីការងារកាន់តែមានប្រសិទ្ធភាពខ្ពស់៕