(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបង្ហាញពីបំណងចង់ឃើញ បណ្តាក្រុមហ៊ុនឯកជននានា ចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍សិល្បៈវប្បធម៌ ដើម្បីជ្រោងសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពខ្ពស់ត្រដែត។

បំណងរបស់លោកស្រីរដ្ឋមន្ត្រី បានធ្វើឡើងក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ ឆ្នាំ២០២១» ដែលបានរៀបចំឡើងនៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ «រាត្រីចងចាំ ឆ្នាំ២០២១» ធ្វើឡើងដើម្បីអបអរសាទរការដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌរូបីនៃពិភពលោក និងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ពិសេសដើម្បីអបអរសាទរ ខួប០៣ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលវត្តស្វាយអណ្តែត ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

លោកស្រី ភឿង សកុណា បានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនឯកជននានា នឹងបន្តចូលរួមជួយជ្រោមជ្រែង ផ្តល់កិច្ចសហការ និងចូលរួមឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ «រាត្រីចងចាំ» ជារៀងរាល់ឆ្នាំ ក៏ដូចជាព្រឹត្តិការណ៍សិល្បៈវប្បធម៌ដទៃផ្សេងទៀត ដែលរៀបចំដោយក្រសួងផ្ទាល់ ដើម្បីជ្រោងសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់បន្ថែមទៀតទាំងនៅលើឆាកជាតិ និងអន្តរជាតិ»

លោកស្រីបានរំលឹកថា កាលពី ៣ឆ្នាំមុន គឺជាវេលាដ៏នក្ខត្តឫក្ស ដែលល្ខោនខោលវត្តស្វាយអណ្ដែត តំណាងឱ្យល្ខោនខោល ប្រទេសកម្ពុជា ត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស។ ដូច្នេះ ខែវិច្ឆិកា គឺជាខែដ៏សំខាន់មួយសម្រាប់បេតិកភណ្ឌវប្បធម៌ ពីព្រោះសម្បត្តិបេតិកភណ្ឌវប្បធម៌ភាគច្រើន ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរបស់អង្គការយូណេស្កូ ក្នុងអំឡុងពេលនេះ។

កាលពីឆ្នាំ២០១៩ ព្រឹត្តិការណ៍រាត្រីចងចាំ លើកទី១ ដែលបានប្រារព្ធធ្វើនៅព្រះលានជល់ដំរី តំបន់អង្គរ ខេត្តសៀមរាប គឺទទួលបានការគាំទ្រយ៉ាងខ្លាំងគួរជាទីមោទនៈ តាមរយៈវត្តមានចូលរួមរបស់អ្នកទស្សនាជាច្រើនកុះករ ទាំងនៅទីតាំងផ្ទាល់ ក៏ដូចជាតាមកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គម។ ដោយឡែក ព្រឹត្តិការណ៍រាត្រីចងចាំលើកទី២ ដែលគ្រោងរៀបចំក្នុងឆ្នាំ២០២០ គឺត្រូវបានផ្អាក ដោយសារឆ្នាំ២០២០ ជាពេលវេលាដ៏លំបាកសម្រាប់ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជា ដែលរងផលប៉ះពាល់ពីការរីករាតត្បាតនៃជំងឺកូវីដ-១៩។

បើតាមលោកស្រីរដ្ឋមន្ត្រី, ព្រឹត្តិការណ៍រាត្រីចងចាំលើកទី២នេះ ធ្វើទៅបានដោយសារសិល្បករសិល្បការិនីទាំងអស់ បានលះបង់កម្លាំងកាយចិត្តនិងប្រឹងប្រែងអស់ពីសមត្ថភាព និងការឧបត្ថម្ភគាំទ្រពីដៃគូសហការ ជាពិសេសក្រុមហ៊ុនឯកជន៕