(ភ្នំពេញ)៖ សាលាចំការមននៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ បានបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ-សង្កាត់ ឆ្នាំ២០២២-២០២៤ ក្រោមវត្តមានលោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការ រាជធានីភ្នំពេញ លោកស្រី កែវ សាម៉ុល អភិបាលរងខណ្ឌចំការមន លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី អភិបាលរងខណ្ឌ ព្រមទាំងចៅសង្កាត់ទាំង៥ មន្ទីរពាក់ព័ន្ធនានា និងបណ្តាអង្គការដៃគូ និងសប្បុរសជននានា។

អភិបាលខណ្ឌចំការមន លោកស្រី កែវ សាម៉ុល បានលើកឡើងថា សិក្ខាសាលាសមាហរណកម្ម នៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២២-២០២៤ របស់ខណ្ឌ និងផែនការសង្កាត់ នៅថ្នាក់ខណ្ឌ សម្រាប់ឆ្នាំ២០២២ បានរៀបចំឡើង តាមផែនការអភិវឌ្ឍន៍ ៥ឆ្នាំ របស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះ ចាំបាច់ត្រូវ មានការចូលរួមគាំទ្រពីសំណាក់ អស់លោក លោកស្រី ដើម្បីឲ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាព នៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកស្រីអភិបាលរងខណ្ឌ បានបន្តថា គោលបំណងនៃការរៀបចំ សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយគម្រោង វិនិយោគ អាទិភាពបីឆ្នាំរំកិល២០២២-២០២៤ របស់ខណ្ឌ និងផ្សព្វផ្សាយ គម្រោងវិនិយោគអាទិភាព របស់សង្កាត់សម្រាប់អនុវត្តន៍ឆ្នាំ២០២២ និងស្នើសុំការគាំទ្រពីមន្ទីរ អង្គភាព អង្គការ ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។

លោកស្រី កែវ សាម៉ុល បានបង្ហាញពីលទ្ឋផល នៃការអនុវត្តន៍គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២០ កន្លងមក គម្រោងដែលទទួលបានការគាំទ្រ មាន ៨៩គម្រោង ក្នុងនោះ មានគម្រោងផ្នែកសេដ្ឋកិច្ច មាន ១៨គម្រោង, ផ្នែកសង្គមកិច្ច មាន ៣៩គម្រោង, ផ្នែកធនធានធម្មជាតិ បរិស្ថាន ១៧គម្រោង, ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ១៥គម្រោង។ ក្នុងនោះ គម្រោងដែលអនុវត្តរួចរាល់ មានចំនួន ៧៤គម្រោង និងគម្រោងកំពុងអនុវត្តមានចំនួន១៥គម្រោង។

លោកស្រី កែវ សាម៉ុល បញ្ជាក់ថា គម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រ នៅក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២១ សម្រាប់អនុវត្តឆ្នាំ២០២២ មានគម្រោងសកម្មភាពអាទិភាព របស់រដ្ឋបាលខណ្ឌ មានចំនួន ១១០គម្រោង ក្នុងនោះមានផ្នែកសេដ្ឋកិច្ច ចំនួន ២២គម្រោង, ផ្នែកសង្គមកិច្ច ចំនួន ៥០គម្រោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ចំនួន ២៧គម្រោង និងផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខ ចំនួន ១១គម្រោង ។

ដោយឡែកគម្រោងសកម្មភាពរបស់សង្កាត់ទាំង៥ មានចំនួនសរុប ២១០គម្រោង ក្នុងនោះ វិស័យអាជីវកម្ម ចំនួន ៦គម្រោង, វិស័យអប់រំ ចំនួន ១៣គម្រោង, វិស័យសុខភាព ចំនួន ៦៦គម្រោង, វិស័យងាយរងគ្រោះ ចំនួន ១០គម្រោង, វិស័យបរិស្ថាន ចំនួន ១៥គម្រោង និងវិស័យរដ្ឋបាល-សន្តិសុខ ចំនួន ១០០គម្រោង ។

ក្នុងនោះដែរ លោក គឹម ចាន់ឌីណា ប្រធានមន្ទីរផឺនការរាជធានីភ្នំពេញ បានណែនាំដល់បណ្តាអង្គការ និងមន្ទីរពាក់ព័ន្ធនានា ត្រូវតែពិនិត្យគម្រោងអភិវឌ្ឍន៍ ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់ ឲ្យបានច្បាស់លាស់ គឺត្រូវតែញែកចេញពីគ្នាឲ្យដាច់ថា គម្រោងណាដែលយើងត្រូវគាំទ្រថ្នាក់ខណ្ឌ ហើយគម្រោងណាត្រូវគាំទ្រថ្នាក់សង្កាត់ ដើម្បីឲ្យគម្រោងអភិវឌ្ឍន៍ទទួលបានជោគជ័យ។

ថ្លែងក្នុងអង្គសិក្ខាសាលាសមាហរណកម្ម ផែនការសង្កាត់ ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២២~២០២៤ លោកស្រី កែវ សាមុល តាងនាមក្រុមប្រឹក្សាខណ្ឌ គណ:អភិបាលខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋទូទាំងខណ្ឌ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ បណ្តាអង្គការជាដៃគូ អភិវឌ្ឍន៍ មន្ទីរក្នុងការគាំទ្រ គម្រោងយ៉ាងច្រើនលើសលប់នាពេលនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន៕