(ភ្នំពេញ)៖ នៅក្នុងការសរសេរព័ត៌មាននីមួយៗស្មេរ ឬអ្នកសរសេរតែងតែចង់ឲ្យមានការចាប់អារម្មណ៍ពីអ្នកអាន។ ក្នុងនាមជាអ្នកប្រឡូកក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំ លោក ម៉ារ យ៉ារិទ្ធ បានបង្ហាញនូវការសរសេរ Lead ឬតម្រុយព័ត៌មាន ដែលទាក់ទាញ និងត្រឹមត្រូវមួយចំនួន ទៅលក្ខណៈនៃព័ត៌មាន។

សម្រាប់ការសរសេរអត្ថបទដំណឹងក្តៅ ឬ Spot News ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News បានលើកទឹកចិត្តឲ្យសរសេរជ្រើសរើស Lead បែបប្រភេទ Direct Lead។ Direct Lead មានរបៀបសរសេរច្រើនយ៉ាង ក្នុងនោះ គឺ Summary Lead (ការសរសេរបែបសង្ខេបនូវតម្លៃ 5W’s ក្នុងមួយប្រយោគតែម្តង) ចំណែក Single item Lead គឺជា Lead ដែលយកតម្លៃមួយឬពីរក្នុង 5W’s ដើម្បីមកសង្កត់សាច់រឿង (Bigger Punch ) ឱ្យមានការចាប់អារម្មណ៍។

យោងតាម លោកម៉ារ យ៉ារិទ្ធ, សម្រាប់ការសរសេរ Direct Lead នៅក្នុងដំណឹងក្តៅ Spot News មានរបៀបជាច្រើនទៀត ប៉ុន្តែភាគច្រើននៅក្នុងការសរសេរ, របៀបប្រើ Summary Lead និង Single item Lead គឺជារបៀបដែលគេប្រើប្រាស់ញឹកញាប់ជាងគេ។ ដោយឡែកក្នុងការសរសេរដំណឹងក្នុងអត្ថបទវែង Feature Story នោះវិញ Lead អត្ថបទ គឺគេនិយមប្រើ Delayed Lead ដោយការសរសេរអូសចូលល្បះខ្លឹម ឬ Nut Graft។

សូមបញ្ជាក់ផងដែរថា លោក ម៉ារ យ៉ារិទ្ធិ គឺជាព្រឹទ្ធាចារ្យក្នុងវិស័យសារព័ត៌មានជាង៣ទសវត្សរ៍មកហើយៗបច្ចុប្បន្នលោកគឺជា ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ។ លោកធ្លាប់បម្រើការជាអ្នកសរសេរព័ត៌មានក្នុងទីភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះលោក ម៉ារ យ៉ារិទ្ធិ ដែលមានរហ័ស នាម «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោកគឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុងសកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ។

វគ្គបណ្តុះបណ្តាលលើកដំបូង ធ្វើឡើងរយៈពេល៣ខែមានសិក្ខាកាមជាបុគ្គលិក Fresh News ប្រមាណ៣០រូបចូលរួម។ ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមទាំងអស់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ចេញដោយអង្គភាពព័ត៌មាន Fresh News ដែលមានការទទួលស្គាល់ពីអង្គភាពជំនាញ និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទលេខ : 089 960 090.
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ 092 322 334