(កំពង់ឆ្នាំង)៖ ក្រុមគ្រួសារកុមារីរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានសំណូមពរដល់លោកអភិបាលខេត្ត និងស្ថាប័នតុលាការ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធឱ្យជួយពន្លឿន នៃការដោះស្រាយសំណង ពីភាគីបើករថយន្តបង្កតាមរយៈបណ្ដាញព័ត៌មាន Fresh News កាលពីពេលថ្មីៗកន្លងទៅនោះ នៅពេលនេះបានទទួលសំណងសមរម្យហើយពីភាគីម្ចាស់រថយន្ត ដែលអាចទទួលយកបាន។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមគ្រួសាររបស់កុមារីរងគ្រោះ បានមកសុំឱ្យបណ្ដាញព័ត៌មាន Fresh News ជួយផ្សព្វផ្សាយម្ដងទៀត ដើម្បីថ្លែងអំណរគុណដល់សមត្ថកិច្ច និងនាយកដ្ឋានការពារក្តីជូនជនក្រីក្រ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអង្គភាពព័ត៌មាន Fresh News ដែលបានសហការគ្នា ជួយដល់គ្រួសាររបស់គាត់ជាជនក្រីក្រ រហូតមានដំណោះស្រាយសមស្របដែលអាចទទួលយកបានទាំងសងខាង។

លោក ពៅ ជឿន ជាឪពុកកុមារីរងគ្រោះ បាននិយាយថា រូបលោក និងក្រុមគ្រួសារ រីករាយក្រៃលែង ដែលបានឃើញការយកចិត្តទុកដាក់ជួយជ្រុមជ្រែងពីសំណាក់សមត្ថកិច្ច និងមេធាវី ព្រមទាំងអង្គភាពព័ត៌មាន Fresh News ដោយមានការសហការគ្នាបានល្អ ធ្វើឲ្យគ្រួសាររបស់គាត់ជាជនរងគ្រោះ និងភាគីម្ខាងទៀត យល់ព្រមព្រៀងគ្នាដោះស្រាយសំណង ដែលអាចទទួលយកបានទាំងសងខាង ដោយមិនមានការបង្ខិតបង្ខំឡើយ។

ជាមួយនេះដែរ ឪពុកម្ដាយ និងក្រុមគ្រួសាររបស់កុមារីរងគ្រោះ ក៏បានចូលរួមចំណែកជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផាចំនួន២០០ដុល្លារ តាមរយៈអង្គភាពព័ត៌មាន Fresh News និងបានចូលរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តភ្នំសន្ទូច ប្រគេនស៊ីម៉ង់ត៍ចំនួន១តោនផងដែរ។

មគ្គផលទាំងអស់ដែលបានមកអំពីការធ្វើទានទាំងនេះ សូមវេរទៅដល់កូនស្រីដែលបានចែកឋានទៅកាន់លោកខាងមុខ និងសុំឲ្យវិញ្ញាណក្ខន្ធរបស់កូនស្រីឆាប់បានទៅចាប់ជាតិជាថ្មី និងសុំកុំឱ្យអាយុខ្លីដូចជាតិនេះ។

ដោយឡែកនាយកដ្ឋានការពារក្តីជូនជនក្រីក្រគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ករណីខាងលើនេះ បន្ទាប់ពីបានទទួលបានព័ត៌មានតាមរយៈសារព័ត៌មាន Fresh News ភ្លាម ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក គឹម រ័ត្នណារ៉ុង បានចាត់តាំងមេធាវី ដើម្បីពិគ្រោះយោបល់ និងការពារក្តីជូនក្រុមគ្រួសារកុមារីរងគ្រោះស្របតាមគោលនយោបាយ ពីគ្រោះយោបល់ និងការពារក្តីមិនយកកម្រៃរបស់ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា៕

ក្រុមគ្រួសារកុមារីរងគ្រោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា 200ដុល្លារ