(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានជួបជាមួយ លោកស្រី ប៊ួយ ធី មិញ ហាយ ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ តាមប្រព័ន្ធវីដេអូ។

នៅក្នុងជំនួបនេះ លោកស្រី ម៉ែន សំអន បានសម្តែងនូវសេចក្តីរីករាយដែលបានជួបពិភាក្សាជាមួយលោកស្រី ប៊ួយ ធី មិញ ហាយ ព្រមទាំងបានចូលរួមអបអរសាទរលោកស្រី ដែលត្រូវបានជ្រើសតាំងជាលេខាមជ្ឈិមបក្ស និងជាប្រធានគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងអាណត្តិថ្មីនេះ។

លោកស្រី ម៉ែន សំអន បានសម្តែងនូវការអបអរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់ នៃមហាសន្និបាតលើកទី១៣ របស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានដាក់ចេញនូវភារកិច្ច និងយុទ្ធសាស្ត្រសំខាន់ៗ សម្រាប់ដឹកនាំប្រទេស នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ និងជាពិសេសសូមជូនពរឲ្យប្រទេសវៀតណាមសម្រេចបាននូវគោលដៅ «ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៤៥»។

ក្នុងជំនួបលើកទី៤នៃ គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងគណៈចលនាមហាជនមជ្ឍិមបក្សកុម្មុយនីស្តវៀតណាមនេះ ភាគីទាំងពីរបានអះអាងថា ប្រវត្តិនៃទំនាក់ទំនងជាបងប្អូនរវាងគណបក្ស និងប្រទេសទាំងពីរ ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ ក្រោមមាគ៌ាដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់គណបក្ស និងថ្នាក់ដឹកនាំបក្សទាំងពីរ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនេះ ត្រូវបានពង្រឹង និងពង្រីកតាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង»

ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរកាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈការជួបសន្ទនាគ្នាតាមទូរសព្ទ័ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ភាគីទាំងពីរ បានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍លេចធ្លោរបស់គណបក្ស និងប្រទេសនីមួយៗ ជាពិសេសបទពិសោធន៍ល្អៗ និងយន្តការសក្តិសិទ្ធនានា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងទិសដៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងក្នុងជំនួបនេះ លោកស្រី ប៊ួយ ធី មិញ ហាយ បានបង្ហាញក្តីរីករាយក្នុងជំនួបជាមួយអ្នកជិតខាងល្អ ក្នុងមិត្តភាពជាប្រពៃណី ក៏ដូចជាបានចូលរួមអបអរសាទរដល់កម្ពុជាចំពោះការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានដោយជោគជ័យ ព្រមទាំងចូលរួមអបអរសាទរដល់កម្ពុជាដែលបានដាក់ចេញ ក៏ដូចជាអនុវត្តនូវយន្តការនានាយ៉ាងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការចាក់វ៉ាក់សាំងបានគ្រប់គោលដៅដែលបានគ្រោងទុក ជូនប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។

ចេញពីជំនួបតាមប្រព័ន្ធប្រជុំអនឡាញនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការអនុវត្តស្មារតីនៃកិច្ចប្រជុំកំពូល និងកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ ដែលរួមមាន កម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ គណៈប្រតិភូជំនាញ អង្គការមហាជន និងការសម្របសម្រួលសេវាកម្មសុខភាពនានា ជូនប្រជាជនតាមបណ្តាខេត្តជាប់ព្រំដែន និងសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសវៀតណាមជាដើម។

បន្ថែមពីលើនេះ ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជំនួបនេះក៏បានឯកភាពលើការជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។

នៅចុងបញ្ចប់ នៃជំនួបនារសៀលនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕