(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានប្រោសប្រទានព្រះរាជសារលិខិតចូលរួមរំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ

និងព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ជាព្រះបុត្រា ព្រះបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំពោះការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ។

ព្រះមហាក្សត្រមានព្រះរាជតម្រាស់ថា៖ «ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការយាងចូលព្រះទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក នៅប្រទេសបារាំង ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា។ ខ្ញុំសូមសម្តែងនូវហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅ ហើយសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់នៃព្រះសព»

ការយាងចូលព្រះទិវង្គត នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះបិតាដ៏ល្អប្រពៃមួយព្រះអង្គដែលជាទីគោរពស្រឡាញ់នៃព្រះបុត្រា ព្រះបុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស និងញាតិមិត្តទាំងពួង និងជាការបាត់បង់ព្រះឥស្សរជនដ៏ប្រពៃមួយព្រះអង្គ ដែលមានស្នាព្រះហស្ត និងព្រះគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ។

«ខ្ញុំសូមបួងសួង សូមព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ទទួលនូវសេចក្តីស្រឡាញ់រាប់អាន អំពីខ្ញុំ»។ នេះជាព្រះរាជតម្រាស់បន្ថែម របស់ព្រះមហាក្សត្រ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣:៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា ព្រះសព សម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕