(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិត ចូលរួមរំលែកមរណទុក្ខ ទូលថ្វាយព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសាររំលែកព្រះមរណទុក្ខ របស់លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់ដូចនេះថា «ទូលព្រះបង្គំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តជាអនេកប្បការ និងសោកស្តាយជាទីបំផុតដោយទទួលបានដំណឹងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ទ្រង់បានសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិកឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០នាទីព្រឹក នៅប្រទេសបារាំងត្រូវនឹងវេលាម៉ោង ៣៖៤០នាទី រសៀលម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»

ក្នុងខណៈប្រកបដោយសមានទុក្ខនេះ ទូលព្រះបង្គំ និងភរិយា សូមចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយព្រះអង្គម្ចាស់ក្សត្រីជាព្រះជាយា និងព្រះរាជបុត្រាបុត្រី ព្រមទាំងរាជវង្សានុវង្ស ដោយក្តីសង្វេគ ស្រណោះ អាឡោះអាល័យ និងសោកសៅជាទីបំផុត ព្រោះការសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ
នរោត្តម រណឫទ្ធិ គឺជាការបាត់បង់នូវព្រះភស្តាព្រះបិតា ព្រះបិតុលា ព្រះរៀម និងព្រះអយ្យកោ ជាទីសព្វព្រះរាជហឫទ័យប្រកបដោយ ព្រះរាជមហាឧបការគុណ និងជាការបាត់បង់នូវព្រះរាជឥស្សរជន ក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈ
មនសិការមុះមុត និងវាងវៃជាអតិបរមា។

ទន្ទឹមនឹងនេះទូលព្រះបង្គំ និងភរិយា សូមវន្ទាបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗ ព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕