(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងកងកម្លាំងនគរបាលទូទាំងប្រទេស មានសេចក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា ចំពោះការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងសារលិខិតចូលរួមរំលែកព្រះរាជមរណទុក្ខថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានទូលថ្វាយថា «ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំ និងភរិយា ព្រមទាំងកងកម្លាំងនគរបាលទូទាំងប្រទេស សូមចូលរួមរំលែកព្រះរាជមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្សប្រកបដោយអនិច្ចលក្ខណធម៌សង្វេគស្ដាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន»

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានទូលថ្វាយថា ការយាងសោយទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់បានបំពេញព្រះហឫទ័យស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិកាមោះមុត និងវាងវៃជាអតិបរមា។

នាយឧត្តមសេនីយ៍ នេត សាវឿន បានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួង សូមឱ្យដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សូមទ្រង់យាងទៅកាន់ឋានព្រះបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ សម្តេចក្រុមព្រះធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីទី១ នៅក្នុងអាណត្តិទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕