(ភ្នំពេញ)៖ ចាប់ពីពេលដែលប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលទេសចរឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក (ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១) មានជនបរទេសចូលមកប្រទេសកម្ពុជាសរុបជាង៦,០០០នាក់ ក្នុងនោះមានទាំងភ្ញៀវទេសចរ អ្នកវិនិយោគ និងអ្នកដំណើរផ្សេងទៀត។ នេះបើតាមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។

គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញដើម្បីស្តារសេដ្ឋកិច្ចជាតិ បន្ទាប់ពីរងផលប៉ះពាល់ដោយសារការរីការាលដាលជំងឺកូវីដ-១៩ ក្នុងនោះក៏មានការបើកទទួលទេសចរអន្តរជាតិឡើងវិញដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កផងដែរ។

ក្នុងកិច្ចប្រជុំជាមួយក្រសួងទេសចរណ៍ និងក្រុមការងារក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា នៅអំលុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ អ្នកដែលចូលមកប្រទេសកម្ពុជាមានជាមធ្យមប្រមាណ៣០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសដែលមានលក្ខខណ្ឌធ្វើចត្តាឡីស័ករយៈពេល៣ថ្ងៃ ៧ថ្ងៃ ១៤ថ្ងៃ តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នោះ គឺមានអ្នកចូលមកប្រទេសកម្ពុជា៦,០៧១នាក់ ដែលមានជាមធ្យមមាន៤០០នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើងប្រមាណ១០០នាក់ក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងអំលុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី១៦ តាមពិតរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញនៅថ្ងៃទី១៥ ប៉ុន្តែខ្ញុំរាប់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវមានចំនួន៦,១១១នាក់ បើយើងគិតជាមធ្យមប្រមាណ៥៦០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែពេលខ្លះមានដល់៦០០នាក់ជាងក្នុងមួយថ្ងៃ»

លោកបានបន្តទៀតថា ចាប់ពីថ្ងៃទី០១-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានជនបរទេសចូលមកកម្ពុជាចំនួន១២,១៨២នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន៤,៤១០នាក់ ហើយភ្ញៀវដែលមានចំនួនច្រើនជាងគេ គឺភ្ញៀវវៀតណាម ឥណ្ឌូណេស៉ី ម៉ាឡេស៉ី ថៃជាដើម។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១.៣១លាននាក់ ថយចុះ ៨០.២%។ ដោយឡែក ក្នុងរយៈពេលដប់ខែដើមឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ២០ម៉ឺននាក់ប៉ុណ្ណោះ ថយចុះ ៨៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

ទោះយ៉ាងណា គេនៅមានសុទិដ្ឋិនិយមថាបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសទទួលភ្ញៀវទេសចរឡើងវិញនោះ ភ្ញៀវទេសចរអន្តរជាតិនឹងមានការកើនឡើងឡើងវិញ ខណៈក្រសួងទេសចរណ៍បានរំពឹងទុកថា ភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ចំនួន៧លាននាក់នៅឆ្នាំ២០២៥៕