(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្វាយសារលិខិត ចូលរួមរំលែកព្រះមរណទុក្ខ ទូលថ្វាយព្រះអង្គម្ចាស់ក្សត្រិយ៍នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសាររំលែកព្រះមរណទុក្ខរបស់លោក អ៉ិត សំហេង បានបញ្ជាក់ដូចនេះថា «ទូលព្រះបង្គំខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩៖៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកនូវព្រះមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ដ៏មហាជ្រាលជ្រៅជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស ដោយក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាអនេកប្បការ ចំពោះការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលនេះគឺជាការបាត់បង់ព្រះស្វាមីប្រកបដោយសង្គហធម៌និងជាព្រះបិតាប្រកបដោយព្រះព្រហ្មវិហារធម៌ និងព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ឆ្នើមមួយព្រះអង្គដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មព្រះអង្គ ដើម្បីថែរក្សា ជាតិ សាសនា ព្រះមហាក្សត្រ។

ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមលំឱនកាយឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិសូមទ្រង់យាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩៖៤០ព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។

ព្រះសពសម្តេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕