(សៀមរាប)៖ យុទ្ធនាការ ហាត់ប្រាណដើម្បីសុខភាព ហាត់ប្រាណដើម្បីជួយជីវិតកុមារកម្ពុជា #ExerciseForHealth #ExerciseToHelp របស់មន្ទីរពេទ្យកុមារអង្គរ បានឈានដល់ទីបញ្ចប់ហើយ មកដល់ថ្ងៃនេះ។ យុទ្ធនាការរយៈពេលពេញមួយខែមកនេះ រៃអង្គាសថវិកាបាន ១២,៧៧៧ដុល្លារ។

យោងតាមការការចុះផ្សាយរបស់មន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ពីការបិទបញ្ចប់យុទ្ធនាការខាងលើ ក្នុងន័យស្វែងរកថវិកាដើម្បីបន្តសកម្មភាពព្យាបាលជំងឺនៅកម្ពុជា។ មន្ទីរពេទ្យនេះ ក៏បានអរគុណដល់សប្បុរសជននានា ដែលបានបរិច្ចាគមកកាន់យុទ្ធនាការនេះតាំងពីដើមរហូតដល់ទីបញ្ចប់ ជាពិសេស ភ្ញៀវកិត្តិយសដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត និងថវិកាផ្ទាល់ខ្លួននៅក្នុងកម្មវិធី។

បន្ថែមពីនេះ មន្ទីរពេទ្យកុមារអង្គរសង្ឃឹមនិងជឿជាក់ថា បងប្អូននឹងទទួលបានចំណេះដឹងថ្មីៗអំពីការហាត់ប្រាណផ្សេងៗ ពីអ្នកជំនាញដែលបានចូលរួម ព្រមទាំងយល់ដឹងពីអត្ថប្រយោជន៍នៃលំហាត់ប្រាណនិមួយៗ។

មន្ទីរពេទ្យកុមារអង្គរបញ្ជាក់ថា ថវិកាជាង១ម៉ឺនដែលបានមកពីយុទ្ធនាការខាងលើនេះ នឹងប្រើប្រាស់សម្រាប់ផ្នែកសង្គ្រោះបន្ទាន់ និងជំងឺធ្ងន់ធរ ដែលមានតម្រូវការច្រើនបំផុតនៅក្នុងមន្ទីរពេទ្យ៕