(ព្រះសីហនុ)៖ ដើម្បីប្រព្រឹត្តទឹកកខ្វក់ ទឹកស្អុយដែលបានប្រើប្រាស់រួច ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រនោះអាជ្ញាធរខេត្តព្រះសីហនុ បានកសាងស្ថានីយប្រព្រឹត្តិកម្មកខ្វក់ ចំនួន២រួចរាល់ហើយ ដែលសព្វថ្ងៃកំពុងប្រើប្រាស់យ៉ាងសកម្មសម្រាប់បន្សុទ្ធទឹកនៅទីក្រុងព្រះសីហនុ។

សម្រាប់ប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ននេះ គឺមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៉ីស្រាអែល ដែលជាស្នាដៃបង្កើតឡើង ដោយក្រុមវិស្វករកូនខ្មែរសុទ្ធសាធ។

ជាក់ស្តែងដំណើរការស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ ជាស្ថានីយ៍ប្រព្រឹត្តកម្មទី២ មានសមត្ថភាពក្នុងការប្រព្រឹត្តកម្មទឹកកខ្វក់បានបរិមាណ ៧,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងត្រូវចែកចេញជា ៩ដំណាក់ការសំខាន់ៗ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ស្ថានីយប្រព្រឹត្តកម្មនេះដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៉ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៊ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដាខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ ចំនួន៦រូបប៉ុណ្ណោះ។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២00ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅឡើយ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD។

លោក លី រិទ្ធ អគ្គនាយកនៃក្រុមហ៊ុន X-water Technology Co. Ltdបានឱ្យដឹងថា ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី២នេះ សព្វថ្ងៃស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកង្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ស្ថាននីយនេះបានដាក់ឱ្យដំណើរការរយៈពេល៦ខែកន្លងមក។ មកដល់បច្ចុប្បន្នស្ថានីយមួយកន្លែងនេះបានធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់បានប្រមាណ៥៨ម៉ឺនម៉ែត្រគូប។

លោកបានបន្តថា ទឹកកខ្វក់ក្រោយពីឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តិកម្មរួច វានឹងក្លាយជាទឹកមានគុណភាពល្អ មិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រនោះទេ។

លោក លី រិទ្ធ បានបញ្ជាក់បន្ថែមថា ”សម្រាប់ទឹកដែលធ្វើប្រព្រឹត្តិកម្មរួច អាចបង្ហូរចូលសមុទ្របានហើយ ទឹកនេះគេថែមទាំងអាចចិញ្ចឹមត្រីក្រឹម ហើយកាកសំណល់ពីការចម្រោះទឹកកខ្វក់នេះគេអាចយកទៅធ្វើជាជីបម្រើលើវិស័យកសិកម្មបានផង”។

បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ សម្រាប់ប្រទេសកម្ពុជា គឺមានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារ ដែលយកបច្ចេកវិទ្យាពីប្រទេសអ៉ីស្រាអែល និងត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។

ក្នុងឱកាសចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។ លោកបានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពក្នុងការដកយកកាកសំណល់ភាគល្អិតបំផុត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពរហូតដល់ ៦០ភាគរយ មុននឹងបង្ហូចូលទៅក្នុងសមុទ្រ។

បើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ គឺកសាងឡើងក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានដាក់ឱ្យដំណើរ ដោយស្ថានីយទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃបាន ៥,២០០ម៉ែត្រគូប និងស្ថានីយទី២ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន ៧,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

លោកអភិបាល បានបន្តថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀតនៅតំបន់ឆ្នេរអូរឈើទាល ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ក៏នឹងត្រូវសាងសង់ឡើងនាពេលខាងមុខនេះដែរ។

តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលបង្ហាញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ បានឱ្យដឹងថា នៅឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ ខណៈចន្លោះពីឆ្នាំ២០២៣-២០៣០ ស្ថានីយអាចនឹងពង្រីកសម្ថភាពប្រព្រឹត្តកម្មដល់ ៦០,០០០ម៉ែត្រគូប ឬ៨០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកាសរុបជាង១៧០លានដុល្លារអាមេរិក។

សូមជម្រាបថា ប្រភពទឹកកខ្វក់ដែលចេញពីគេហដ្ឋាន និងអគាររស់នៅរបស់ពលរដ្ឋត្រូវបានប្រមូលផ្តុំនឹងត្រូវបានបញ្ជូនទៅកាន់អាងចម្រោះបឋមតាមរយៈបណ្តាញបំពង់ដែកកាបូន ហើយសំណាញ់ Coarse Screen អាចច្រោះសំរាមឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ២មីលីមែត្រ។

ទឹកកខ្វក់នេះត្រូវបានបូមឡើងចូលទៅក្នុងអាងទឹក ដែលអាចច្រោះសំរាម ឬភាគល្អិតដែលមានទំហំធំជាង ឬស្មើ៦មីលីម៉ែត្រ ហើយបន្តហូរចូលអាងមួយទៀត ដែលអាចច្រោះភាគល្អិតទំហំធំជាង ឬស្មើមួយមីលីម៉ែត្រ។ ក្នុងដំណាក់កាលអាងចម្រោះបឋមនេះភាគល្អិត និងសមាសធាតុសរីរាង្គដែលមានទំហំជាង ឬស្មើ ១មីលីម៉ែត្រត្រូវបានយកចេញ ហើយទឹកកខ្វក់នេះបន្តហូរចូលអាងចម្រោះផ្សេងទៀតរហូតបានក្លាយ ជាទឹកស្អាតដែលគេអាចបង្ហូរចូលសមុទ្របានដោយសុវត្ថិភាពមិនប៉ះពាល់ដល់បរិស្ថាន និងជីវៈចម្រុះឡើយ៕