(ហ្កាន់ម៉ា)៖ ដោយមានការឯកភាពពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍, សមាគមរាជសីហ៍សាខាប្រទេសជប៉ុន បានរៀបចំពិធីប្រគល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសនេះ ចំនួន ១២០នាក់ ដែលពួកគាត់មានជីវភាពខ្វះខាត ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ពិធីប្រគល់អំណោយបានធ្វើឡើង ក្នុងទីក្រុងអ៊ូស៊ូម៉ី (OIZUMI) ខេត្តហ្កាន់ម៉ា (GUNMA) ដោយមានការចូលរួមពី លោក ហែម ស៉ីថៃ ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍សាខាប្រទេសជប៉ុន, លោក ឡាំ សារិទ្ធ អនុប្រធានក្រុមប្រឹក្សាយោបល់ និងសមាជិក សមាជិកា សមាគមរាជសីហ៍សាខាប្រទេសជប៉ុន ក៏ដូចជាសប្បុរសជន ដែលកំពុងរស់នៅក្នុងប្រទេសនេះផងដែរ។ ការប្រគល់អំណោយ បានធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

តំណាងឲ្យសមាគមរាជសី លោក ហែម ស៉ីថៃ បានលើកឡើងថា ការចែកអំណោយនេះដែរ គឺជាឆន្ទៈរបស់សមាគមរាជសីហ៍ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការលើកស្ទួយសកម្មភាពមនុស្សធម៌ ដូចដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់។

ចំពោះប្រជាពលរដ្ឋខ្វះខាតទាំង ១២០នាក់នោះ ក្នុងម្នាក់ៗទទួលបាន៖

* អង្ករ ចំនួន ១០គីឡូក្រាម
* ម៉ាស ចំនួន ០១ប្រអប់
* ទឹកអាល់កុលបាញ់សម្លាប់មេរោគដបធំ ចំនួន ០១ដប
* ទឹកប្រេងខ្យង ចំនួន ០១ដប
* ប៊ីចេង ចំនួន ០១គីឡូក្រាម
* ត្រីខ ចំនួន ០៥កំប៉ុង
* មី ចំនួន ០៥កញ្ចប់
* ទឹកត្រី ចំនួន ០១ដប។

សប្បុរសជន ដែលចូលរួមបរិច្ចាគ ក្នុងការរៀបចំពិធីចែកអំណោយនេះ រួមមាន៖

១៖ លោក កូន ចិន ថវិកាចំនួន ៣០ម៉ឺនយ៉េន (ស្មើនឹង ៣០០០ដុល្លារ)
២៖ ម្ចាស់ហាង M lucky ថវិកា ៣០ម៉ឺនយ៉េន (ស្មើនឹង ៣០០០ដុល្លារ)
៣៖ ម្ចាស់ហាងលក់គ្រឿងទេសខ្មែរនៅក្រុង OIZUMI ថវិកាចំនួន ៣០ម៉ឺនយ៉េន (ស្មើនឹង ៣០០០ដុល្លារ)
៤៖ ម្ចាស់ហាងខ្មែរ POPO ថវិកាចំនួន ២០ម៉ឺនយ៉េន (ស្មើនឹង ២០០០ដុល្លារ)
៦៖ បងស្រី ផន ស្រីម៉ាច ថវិកា ចំនួន ១ម៉ឺនយ៉េន (ស្មើនឹង ១០០ដុល្លារ)
៧៖ ប្រធានសហជីពពលករ សិក្ខាកាម ជនជាតិជប៉ុន ចូលរួម ម៉ាស ១ម៉ឺនម៉ាស ស្មើនឹងថវិការ ៨០០ដុល្លារ
៨៖ កញ្ញា ចៅ វណ្ណដារ ត្រីងៀត ៥០កញ្ចប់ ស្មើនឹងថវិកា ១០០០ដុល្លារ
៩៖ លោក ជា ប៊ុនជាតិ អង្ករ ១០០គីឡូក្រាម និងថវិកា ចំនួន៤ម៉ឺនយ៉េន (ស្មើនឹង ៤០០ដុល្លារ)។

ដោយទឹកមុខរីករាយ ប្រជាពលរដ្ឋទាំង ១២០នាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ស៊ូម សារឿន ប្រធានសាមាគមរាជសីហ៍ ដែលបានចាត់តាំងសមាគមរាជសីហ៍សាខាប្រទេសជប៉ុន ឧបត្ថម្ភអំណោយជាគ្រឿងឧបភោគ បរិភោគទាន់ពេលវេលាដល់ពួកគាត់៕