(ភ្នំពេញ)៖ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិន ជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជន ខេត្តជាំងស៊ី ជូនវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា តាមប្រព័ន្ធវីដេអូ។

ពិធីប្រគល់ និងទទួលសៀវភៅនេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា, សហនាយកវិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជា និងភាគីចិន មានការចូលរួមពីលោក LI LONGWU ប្រធានឃោសនាការលេខាបក្សខេត្តជាំងស៊ី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក LI LONGWU បានលើកឡើង និងជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា និងខេត្តជាំងស៊ី ប្រទេសចិន ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជនជាពិសេស គឺការតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ចិន។

លោកបណ្ឌិតសភាចារ្យ សុខ ទូច យល់ឃើញថា នេះជាការបោះជំហានថ្មីបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាងចិន និងកម្ពុជា ជាពិសេសក្នុងវិស័យសិក្សា និងស្រាវជ្រាវ ដែលអ្នកសិក្សារបស់ប្រទេសយើងទាំង២ អាចសិក្សាស្វែងយល់ពីគ្នាបន្ថែមទៀតទាំងប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ។

នៅក្នុងពិធីប្រគល់-ទទួលនេះ លោកស្រីសាស្រ្តាចារ្យរង GAN MIN នាយិកាភាគីចិនវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានតំណាងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី ដើម្បីប្រគល់សៀវភៅជូនវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។

គួរបញ្ជាក់ផងដែរថា គម្រោងបោះពុម្ពផ្សាយសៀវភៅជាខេមរភាសានេះ មានចំនួន១០ប្រភេទ សរុប ៤០០០ក្បាល រួមមាន៖ «ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន», «វប្បធម៌ចិន» ចំនួន ៤ប្រភេទ, «ទឹកដី និងប្រពៃណីអ្នកស្រុកចេនឡា», «ប្រទេសចិន មានលោកប្រធាន ម៉ៅ សេទុង», «សុខភាពល្អ អាស្រ័យលើទម្លាប់», «ទស្សនវិជ្ជាឡៅជឺ» និង «ទស្សនវិជ្ជាខុងជឺ»

សៀវភៅទាំងអស់នេះ ផ្តោតសំខាន់លើការពិពណ៌នាអំពីប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរវប្បធម៌កម្ពុជា និងចិន ក្នុងគោលបំណងបំពេញតម្រូវការមិត្តអ្នកអានកម្ពុជា និងជំរុញការស្វែងយល់គ្នា ការសិក្សាពីគ្នាទៅវិញទៅមកក្នុងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងចិន៕