(ភ្នំពេញ)៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Teo Lay Cheng ដែលបានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីដើមឆ្នាំ២០២១ កន្លងទៅ។

នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ដែលបានអនុវត្តកន្លងមក ហើយបានបង្ហាញនូវបំណងបន្តពង្រឹង និងពង្រីកឲ្យខ្លាំងក្លាបន្ថែមទៀត។ លោកស្រី ក៏បានសម្តែងនូវការកោតសរសើរ ចំពោះភាពជោគជ័យ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងយុទ្ធនាការជាតិចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋ។

ជាការឆ្លើយតប អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង កងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនក្នុងកម្រិតកងទ័ពជើងគោក ដូចជាការផ្លាស់ប្តូរទស្សនកិច្ចសិក្សា, លំហាត់ហ្វឹកហ្វឺន និងការជួយឧត្ថម្ភគាំទ្រនានាជាដើម។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរីសម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការបែបយុទ្ធសាស្ត្រដ៏សំខាន់៕