(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់លើ សេចក្តីព្រាងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២២-២០៣០ តាមប្រព័ន្ធវីដេអូ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គភាពថ្នាក់កណ្តាល សរុបជាង៨០រូប។

កិច្ចប្រជុំដែលធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងគោលបំណងដើម្បីពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់បញ្ចប់សេចក្តីព្រាងផែនការយុទ្ធសាស្រ្តសុខាភិបាល ដំណាក់កាលទី៤ (២០២២-២០៣០) កាន់តែល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងមានសុក្រឹតភាព។

ក្នុងឱកាសនោះ រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកឡើងថា ក្រសួងសុខាភិបាលបានអនុវត្តផែនការយុទ្ធសាស្រ្តសុខាភិបាល ៣ដំណាក់កាលកន្លងមកហើយ ដោយបានសម្រេចនូវលទ្ធផលសុខភាពគួរឱ្យកត់សំគាល់ ជាពិសេសបានធ្វើឱ្យប្រសើរឡើង នូវសូចនាករស្នូលរបស់សុខភាពមាតា ទារក និងកុមារ ជំងឺឆ្លង និងជំងឺមិនឆ្លង ឈានដល់ការសម្រេចបានវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍សហសវត្ស។ ក្រៅពីនេះ ក៏បានពង្រឹងប្រព័ន្ធសន្តិសុខសុខភាពជាតិ ប្រព័ន្ធអង្កេតតាមដាន និងឆ្លើយតបជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងការរក្សាបាននូវនិរន្តរភាពនៃការផ្តល់សេវាថែទាំសុខភាពសារវ័ន្តជាប្រចាំជូនប្រជាពលរដ្ឋ នៅក្នុងបរិបទនៃការរាតត្បាតដោយជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រី ក៏បានគូសរំលេចថា កិច្ចប្រជុំថ្ងៃនេះនឹងបង្ហាញនូវលទ្ធផលរួម នៃការអនុវត្តគោលនយោបាយសុខាភិបាលជាអាទិភាព និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត របស់ក្រសួងសុខាភិបាល ក្នុងការបន្តជំរុញរបៀបវារៈនៃការអភិវឌ្ឍសុខភាពជាតិ ជាមួយនឹងពេលវេលាកំណត់ ព្រមទាំងបន្តនូវឱកាសសម្រាប់កិច្ចសន្ទនាក្នុងន័យស្ថាបនា រវាងក្រសួងសុខាភិបាល និងតួអង្គសំខាន់ៗក្នុងវិស័យសុខាភិបាល និងលើសពីនេះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពិនិត្យរួមគ្នាឡើងវិញ និងយល់ច្បាស់អំពីទិសដៅ និងយុទ្ធសាស្ត្រសម្រាប់បន្តពង្រឹងការអនុវត្តប្រព័ន្ធសុខាភិបាលនាពេលខាងមុខ។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់បន្ថែមថា ទោះបីជាស្ថិតក្នុងស្ថានភាពនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ តែថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដែលពាក់ព័ន្ធទាំងអស់ បានខិតខំកសាងនូវផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤នេះ ឈរលើមេរៀនជាបទពិសោធន៍ នៅក្នុងបរិបទនៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យបានរួចរាល់តាមការគ្រោងទុក៕