(ពោធិ៍សាត់)៖ នារីវ័យក្មេងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ ឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម (លួចម៉ូតូ) ពីចំណុចក្បែរផ្ទះខ្មោច ស្ថិតក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (ព្រំប្រទល់ស្រុករលាប្អៀរ) កាលពីវេលាម៉ោង ១០ និង២០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការស្តីទី នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា ដោយទទួលបានព័ត៌មាន ពីលោកអធិការនគរបាលស្រុករលាប្អៀរ តាមរយៈទូរស័ព្ទ អំពីករណីចោរលួចម៉ូតូ និងបានជិះមកទិស ខាងលិចនោះ លោកបានរៀបចំកម្លាំងអធិការនគរបាលស្រុក ចំនួន៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ុយ ម៉ៅ អធិការរងផែនការងារនគរបាលយុត្តិធម៌ ចេញអន្តរាគមន៍ចុះស្រាវជ្រាវ ក៏ប្រទះឃើញម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-9937 សេរីឆ្នាំ២០១៧ មានភិនភាគដូចនឹងព័ត៌មានផ្តល់ឲ្យ។

រួចសមត្ថកិច្ចក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ឈ្មោះ គួន រតនា នៅចំណុចផ្ទះជួលមានស្លាកយីហោ អង្គររាជ របស់ម្ចាស់ឈ្មោះ ប៉ែន ឃីប ភេទស្រី អាយុ៥២ឆ្នាំ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១២និង៤៣នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១តែម្តង។

លោកវរសេនីយ៍ទោ ស៊ុយ ម៉ៅ បានបញ្ជាក់ឲ្យដឹងដែរថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីខាងលើ មានឈ្មោះ គួន រតនា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិអូររំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានមុខរបរមិនពិតប្រាកដ។ លោកអធិការរង បានបន្តថា ក្រោយសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនៅលើចញ្ចើមផ្លូវជាតិលេខ៥ ក្បែរផ្ទះខ្មោច ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់បន្តឲ្យផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕