(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលការឧបត្ថម្ភនូវជែលលាងដៃ ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) ពីក្រុមហ៊ុន ហ័ន យ៉ាហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាល ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងតំណាងក្រុមហ៊ុន ហ័ន យ៉ាហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក លោក ម៉ក់ អ៊ីងថូវ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបាននាំយកជែលលាងដៃទាំងនេះ មកជូនកាកបាទក្រហមកម្ពុជា។

លោកស្រីបានបញ្ជាក់ថា «ចំពោះអំណោយជែលលាងដៃទាំងអស់នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ទិសដៅឱ្យថ្នាក់ដឹកនាំ-មន្ត្រីនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ធ្វើការបែងចែក និងដឹកជញ្ជូនតាមមុខព្រួញ នាំយកជែលទាំងអស់ទៅផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាទាំង២៥រាជធានី-ខេត្ត ដើម្បីបន្តចែកជូនទៅដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា នៅតាមរាជធានី-ខេត្តរៀងៗខ្លួន ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមមូលដ្ឋានរបស់ខ្លួន»

ជាកិច្ចឆ្លើយតប លោក ម៉ក់ អ៊ីងថូវ អគ្គនាយកក្រុមហ៊ុន ហ័ន យ៉ាហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែកកិច្ចការងារមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈការផ្តល់ជូននូវជែលលាងដៃ។

ទន្ទឹមនឹងនេះ លោកអគ្គនាយកក្រុមហ៊ុននេះ ក៏បានថ្លែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឈ្លាសវៃ មានចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដោយបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។

សូមជម្រាបថា បន្ទាប់ពីទទួលនូវសម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩ ពីក្រុមហ៊ុន ហ័ន យ៉ាហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ភ្លាមនោះកាកបាទក្រហមកម្ពុជា ប្រគល់ជែលលាងដៃចំនួន ១,០០០កេស (ស្មើនឹង ២០,០០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែក ចំនួន ៨ ក្នុងរាជធានីភ្នំពេញផងដែរ។

លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បានប្រគល់ជែលចំនួន ៧៨៥កេស ដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន ៣២ ក្នុងខេត្តរតនគិរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានប្រគល់ ចំនួន ៧៣៧កេស ដល់មន្ទីរពេទ្យបង្អែក ចំនួន ៨ ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ក្រៅពីនេះ កាកបាទក្រហមកម្ពុជា បានបែងចែក និងដឹកជញ្ជូនដល់ឃ្លាំង នៅតាមសាខាកាកបាទក្រហមកម្ពុជា ខេត្ត ចំនួន ១១ផ្សេងទៀតរួចរាល់ហើយ ដែលនឹងធ្វើពិធីប្រគល់-ទទួលជាបន្តបន្ទាប់ទៅតាមកាលបរិច្ឆេទសមស្រម។ ដោយឡែក ចំពោះខេត្ត ដែលមិនទាន់ទទួលបាន កាកបាទក្រហមកម្ពុជា នឹងប្រគល់ជូនជាបន្តបន្ទាប់ បន្ទាប់ពីទទួលបានជែលលាងដៃពីក្រុមហ៊ុនខាងលើនេះ ជាជំហានទី២ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២១ និងដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ៕