(បាត់ដំបង)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំមកនូវសុខសន្តិភាព ហើយតែងតែយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ការលើកឡើងបែបនេះ របស់លោក កែវ រ៉េមី បានធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជូនមន្ត្រីរាជការនៅខេត្តបាត់ដំបង ដោយអញ្ជើញចូលរួមពីសំណាក់លោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត លោក ធូ ភា អភិបាលរងខេត្ត បាត់ដំបង លោក លោកស្រីមកពីមន្ទីរជុំវិញខេត្ត សមត្ថកិច្ចនគរបាល កងកម្លាំង និងស្ថាប័នពាក់ព័ន្ធនានា។

លោក កែវ រ៉េមី បានថ្លែងថា ប្រទេសកម្ពុជា មានភាពខ្លាំងត្រង់ថាប្រទេសកម្ពុជា មិនមានទោសប្រហារជីវិតទេ នេះជាសញ្ញាមួយដែល បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះការធានានូវសិទ្ធិរស់រានមាន ជីវិតរបស់ប្រជាពលរដ្ឋ ដែលជាសិទ្ធិមូលដ្ឋានសំខាន់បំផុត។ បន្ថែមទៀត កម្ពុជាបានទទួលយកលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ហើយ ក្នុងនោះគណៈកម្មាធិការសិទ្ធិមនុស្សទទួលបន្ទុកសរសេររបាយការណ៍ជាតិឆ្លើយតបទៅនឹងកតិកាសញ្ញា និងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៥ ហើយក៏ត្រូវការពាររបាយការណ៍ទាំងនោះនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែរ លោកបានបន្ថែមទៀតថា ស្ថានទូតបរទេសមួយចំនួន បានកោតសរសើរចំពោះវិធានការរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងស្ថានការណ៍កូវីដ១៩ ដែលបានគិតគូរបានម៉ត់ចត់រហូតទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងពិភពលោកជាប្រទេសដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនបំផុត។

លោក កែវ រ៉េមី ក៏បានសូមណូមពរសូមឱ្យកងកម្លាំងសមត្ថកិច្ច បន្តចូលរួមបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក្នុងការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងសូមមេត្តាកុំប្រើហិង្សាក្នុងការអនុវត្តតួនាទីភារកិច្ច។

លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមយកចិត្តទុកដាក់តាមដាន ស្តាប់ ចូលរួមយោបល់ និងអាចលើកជាសំណួរ ក្នុងប្រធានបទនីមួយៗ ដើម្បីទទួលបាននូវចំណេះដឹងល្អៗ ក្នុងវិស័យសិទ្ធិមនុស្ស ព្រមទាំងកុំឱ្យភ្លេចវិធានការ «៣កុំ និង៣ការពារ»