(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ច បានរៀបចំពិធីប្រកាសសេចក្តីសម្រេចស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទីភារកិច្ចសមាសភាព គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា (កក្រក) ខេត្តបាត់ដំបង ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខានៅក្នុងអាណត្តិទី៥។

កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលាខេត្តតាមប្រព័ន្ធវីដេអូហ្ស៊ូម ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អគ្គលេខាធិការង កាកក្រហមកម្ពុជាទាំង២ គណៈកម្មាធិការសាខា អនុសាខា ក្រុងស្រុក មន្ទីរអង្គភាព មន្ត្រីទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា តំណាងយុវជនកាកបាទក្រហម សរុបមានចំនួន ១២៧នាក់។

លោក សួស សុភ័ក្រ មានមតិស្វាគមន៍ និងរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២១។ លោកស្រី អគ្គលេខាធិការរងទី១ បានអានសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ និងកែសម្រួលតួនាទី ភារកិច្ចលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា និងលោកបណ្ឌិត ប៊ុត គឹមស៊ាន ជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា កក្រក ខេត្តបាត់ដំបង អាណត្តិទី៥។

ដើម្បីឆ្លើយតបនឹងការផ្តល់ទំនុកចិត្តរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក សុខ លូ បានប្ដេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីបំពេញ ភារកិច្ចមនុស្សធម៌ និងរក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តបានល្អនូវតួនាទី ភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា និងទទួលយកការប្រឹក្សាជាមួយ គណៈកិត្តិយសសាខា រួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារីទទួលខុសត្រូវខ្ពស់។ ពិសេស បង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ក្នុងបុព្វហេតុមនុស្សធម៌ ប្រមូលកម្លាំងដើម្បីរួមចំណែកកាត់បន្ថយ ទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះ។

លោកស្រី ពុំ ចន្ទីនី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីទាំងមូល និងបានកោតសរសើរចំពោះគណៈកម្មាធិការសាខា បានធ្វើសកម្មមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាបាត់ដំបង តែងតែបានឆ្លើយតបដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា។

លោកស្រីណែនាំតម្រង់ទិសបន្ថែមសុំអោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមាន លោក សុខ លូ ជាប្រធានត្រូវខិតខំប្រឹងប្រែងជួយសាខា ពង្រឹងភាពជាម្ចាស់លើគ្រប់វិស័យការងារ និងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរស្ថាប័ន អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងបុព្វហេតុ មនុស្សធម៌ គិតគូរដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះឱ្យបានល្អ និងកាន់តែប្រសើរជាងមុន ក្នុងការបន្តដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងអាណត្តិទី៥។

ព្រមជាមួយគ្នានេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ប័ណ្ណសសើរជូនដល់ លោក ប៊ុត គឹមស៊ាន អតីតប្រធានគណៈកម្មាធិការសាខា ដែលមានស្នាដៃល្អប្រសើរក្នុងការអភិបាលដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសាខា-អនុសាខា ក្នុងតួនាទីជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ខែតុលា ឆ្នាំ២០២១ សម្រេចបាននូវលទ្ធផលរូបវន្ត័-អរូបវ័ន្តជាច្រើន គួរឲ្យកត់សម្គាល់កន្លងមក៕