(រតនគិរី)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ក្នុងរចនាសម្ព័ន្ធសាលាខេត្តរតនគិរី

នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានណែនាំដល់មន្រ្ដីរាជការទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ រួមមាន ការគោរពច្បាប់ចរាចរណ៍ ការរក្សាអនាម័យ វិន័យ សីលធម៌ សុជីវធម៌ និងត្រូវបន្ដថែរក្សាសុខភាពអោយបានល្អ។

នៅក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលខេត្តបានណែនាំដល់មន្រ្តីគ្រប់ឋានានុក្រមត្រូវខិតខំបំពេញការងារបន្ថែមទៀតលើការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ គឺគោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ជាពិសេសឋានានុក្រមការងារ។

អភិបាលខេត្តបានណែនាំបន្តយ៉ាងដូច្នេះថា «មន្រ្ដីរាជការទាំងអស់ត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ រួមមាន ការគោរពច្បាប់ចរាចរណ៍ ការរក្សាអនាម័យ វិន័យ សីលធម៌ សុជីវធម៌ និងត្រូវបន្ដថែរក្សាសុខភាពអោយបានល្អ ព្រមទាំងត្រូវបន្ដការពារខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួនផងដែរ»

ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានណែនាំដល់មន្រ្តីគ្រប់រូបត្រូវបង្កើនការ សិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួន ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច។

ក្នុងឱកាសនោះដែរ លោកក៏បានប្រកាសតែងតាំងលោក ឆេង សុភាព ជានាយករងទីចាត់ការអន្តរវិស័យ ជំនួសលោកនាយករងទីចាត់ការអន្ដរវិស័យចាស់ ដែលត្រូវបានផ្ទេរទៅទទួលភារកិច្ចថ្មីកាលពីពេលកន្លងមក៕