(ត្បូងឃ្មុំ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» នៅខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានជំរុញឲ្យពង្រឹងមន្ដ្រីអ្នកនាំពាក្យតាមបណ្ដាស្ថាប័ន ពិសេសរដ្ឋបាលថ្នាក់ខេត្ត ដើម្បីឆ្លើយតបព័ត៌មានបានទាន់ពេលវេលា ជាមួយបណ្ដាសារព័ត៌មានផ្សេងៗ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការិយាល័យអ្នកនាំពាក្យ និងការិយាល័យព័ត៌មាន ទុកដើម្បីជាការឆ្លើយតបឲ្យថ្នាក់ដឹកនាំ ជាអភិបាលខេត្ត រាជធានី មេបញ្ជាការ ស្នងការ ព្រោះថ្នាក់ដឹកនាំមានការងារជាច្រើនដែលត្រូវធ្វើ តែអាចនិយាយតែរឿងណាដែលសំខាន់ និងចាំបាច់បន្ទាន់ម្តង ម្កាលតែប៉ុណ្ណោះ។

ដូច្នេះអ្វីដែលជា ប្រសិទ្ធភាពសម្រាប់ការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ គឺពាក់ព័ន្ធទៅនឹងវិជ្ជាបុគ្គល ដែលត្រូវទំនាក់ទំនងជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដោយក្នុងនោះ គឺជ្រើសរើសយក អភិបាលរង ខេត្ត រាជធានី ម្នាក់ដែលអាចជួបជាប្រចាំជាមួយ អភិបាលខេត្ត រាជធានី និងយកមន្រ្តី សាលាខេត្ត ម្នាក់ទៀត ព្រោះរាល់ឯកសារទាំងអស់ត្រូវចូលតាមជ្រកចេញចូលតែមួយ។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ដ្រី។

ទន្ទឹមនេះ ក៏ត្រូវមានមន្រ្តី នៃមន្ទីរព័ត៌មាន ម្នាក់ទៀតចូលរួមក្នុងកិច្ចការងារការិយាល័យព័ត៌មាន និងអ្នកនាំពាក្យ ព្រោះអាចក្តាប់បាននូវចំនួនអ្នកសារព័ត៌មានក្នុងខេត្ត ក្រុង របស់ខ្លួនដឹងពីការងារ ធ្វើជាសេចក្តីថ្លែងការណ៍ ហើយបញ្ជូនទៅផ្សាយនៅប្រព័ន្ធផ្សព្វផ្សាយ ណាខ្លះបានទាន់ពេលវេលា។ ដូច្នេះ មន្រ្តីព័ត៌មាន ត្រូវយល់ឲ្យច្បាស់ពីពាក្យស្លោក របស់ក្រសួងព័ត៌មាន គឺប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន។

លោកបន្ថែមថា មន្ត្រីព័ត៌មាន ត្រូវតែនិយាយតែពាក្យពិត កុំកុហកឲ្យសោះ បើមិនដូច្នេះទេ នឹងបាត់ជំនឿទុកចិត្ត ជាក់ជាមិនខាន។ លោករដ្ឋមន្ដ្រី បានលើកឡើងថា នៅក្នុងសម័យនេះ ដើម្បីគ្រប់គ្រងអំណាចបាន គឺត្រូវចែងចែកព័ត៌មានឲ្យបានរហ័ស ហើយត្រូវក្តាប់ព័ត៌មានឲ្យបានគ្រប់ទាំងអស់។ ឆ្លៀតក្នុងឱកាសនេះ លោក ខៀវ កាញារីទ្ធ បានជំរុញដល់មន្រ្តី គ្រប់ផ្នែកត្រូវពង្រឹងសាម គ្គីភាពផ្ទៃក្នុងឲ្យបានល្អ មានកិច្ចសហការជាមួយ មន្ទីរជុំវិញខេត្ត ទើបធ្វើឲ្យរាល់កិច្ច ការងារប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធិភាព និងលទ្ធផលល្អ។

សូមជម្រាបថា បន្ទាប់ពីបានដំណើរការអស់រយ:ពេល២ ថ្ងៃរួចមក អង្គសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញមកពីខេត្ត ចំនួន០៤ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមវត្តមានអញ្ជើញជាអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

នៅក្នុងដំណើរការនៃអង្គសិក្ខានេះ មានការធ្វើបទឧទ្ទិសនាម ពីលោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន នៅថ្នាក់មូលដ្ឋាន»។

ជាមួយគ្នានេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើបទឧទ្ទេសនាមស្តីពី កិច្ចការអ្នកនាំពាក្យប្រកបដោយ ប្រសិទ្ធភាព។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានធ្វើបទឧទញទេសនាមស្តីពី ដំណើរការសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិ ទទួលបានព័ត៌មានផងដែរ។

តាមរបាយការណ៍បូកសរុបដែលលើកឡើងដោយ លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ពេល២ថ្ងៃ នៃសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួន១៨០នាក់ ដែលជាមន្រ្តីមកពីបណ្តាមន្ទីរជំនាញជុំវិញខេត្តចំនួន៤ មកទទួលយកនូវការចែក រំលែកនូវទស្សនទាន យន្តការយុទ្ធសាស្ត្រ និងបទពិសោធន៍ជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យ ព័ត៌មានថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយ បំផុសព័ត៌មានឲ្យចូលកៀកប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់នៅតាមមូលដ្ឋាន។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរ វិស័យជំនាញជុំវិញ រដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើត បាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

សកម្មភាពនេះ គឺជាការចូលរួមអនុវត្តជាក់ស្តែងនូវស្មារតី និងខ្លឹមសារនៃ ប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មានស្តីពី «តួនាទីភារកិច្ច របស់មន្ត្រីទទួលបន្ទុកព័ត៌មាន រដ្ឋបាល រាជធានី-ខេត្ត» ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២។ នេះជាកញ្ចក់ឆ្លុះបញ្ចាំង នូវការរួមចំណែកអនុវត្តនយោបាយ កែទម្រង់ មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋានតាមស្មារតីនៃគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការសន្ទនាឆ្លើយឆ្លង និងផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាព នៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយ នៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ទាំងដោយផ្ទាល់តាមវេទិកាសាធារណៈ ឬវេទិកាសន្ទនាមតិដោយប្រយោលតាមរលកអាកាស ដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចក្ដោបក្ដាប់ និងគ្រប់គ្រងមតិសាធារណៈឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាព រវាងរាស្រ្ត និងរដ្ឋ ដែលចាប់ផ្តើមពីមូលដ្ឋាន មកថ្នាក់ជាតិ។

គួររំលឹកឡើងវិញ កាលពីឱកាសបើកអង្គសិក្ខាសាលា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា តួនាទីនិងការទទួល ខុសត្រូវរបស់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានគឺជាមុខងារចាំបាច់ និងត្រូវពង្រឹង ពង្រីកសមត្ថភាពឲ្យទាន់សភាពការណ៍ការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យា រួមនឹង អភិបាលកិច្ចលំហូរព័ត៌មានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល នៅក្នុងការដឹកនាំ ការអភិវឌ្ឍ និងការកសាងសង្គម ជាតិ មាតុភូមិ រក្សាបាននូវសុខសន្តិភាព និងការចម្រើនឡើងថែមទៀត៕