(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងភរិយា មានសេចក្តីក្រៀមក្រំដ៏ក្រៃលែង ចំពោះការយាងចូលទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ក្នុងសារលិខិតចូលរួមរំលែកព្រះរាជមរណទុក្ខថ្វាយព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រី ព្រមទាំងព្រះរាជវង្សានុវង្ស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកទេសាភិបាល បានទូលថ្វាយថា ការយាងចូលព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងនូបញ្ញវន្តដ៏ឆ្នើមមួយព្រះអង្គក្នុងព្រះរាជវង្សានុវង្សប៉ុណ្ណោះទេ ប៉ុន្តែជាការបាត់បង់ឥស្សរជនជាន់ខ្ពស់មួយព្រះអង្គ ដែលធ្លាប់បានបានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ចូលរួមចំណែកក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក ជា ចាន់តូ និងភរិយា សូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាដួងព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយាងទៅសោយសុខក្នុងឋានព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ សម្តេចក្រុមព្រះធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីទី១ នៅក្នុងអាណត្តិទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានយាងបំពេញព្រះរាជតួនាទីជាព្រះប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕