(ភ្នំពេញ)៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លោក គីស៉ីដា ហ្វីមីអូ នាយករដ្ឋមន្ដ្រីជប៉ុន បានបញ្ជាក់អំពីការផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈយន្ដការកូវ៉ាក់។

ក្រោយបញ្ចប់ជំនួបតាមរយៈប្រព័ន្ធវីដេអូ លោក ស្រ៉ី ថាមរ៉ុង្គ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ការផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែម៣០ម៉ឺនដូសនេះ គឺជាលើកទីពីរហើយ បន្ទាប់ពីលើកមុនជប៉ុនបានផ្ដល់វ៉ាក់សាំងចំនួន១លានដូស ដល់កម្ពុជា តាមរយៈយន្ដការកូវ៉ាក់ដូចគ្នានេះ។

លោក ស្រ៉ី ថាមរ៉ុង្គ បានបញ្ជាក់យ៉ាងដូច្នេះថា «ជប៉ុនបានសន្យានឹងផ្ដល់វ៉ាក់សាំងបន្ថែមចំនួន៣០ម៉ឺនដូស បន្ថែមទៀតតាមរយៈយន្ដការកូវ៉ាក់»

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ចំពោះកិច្ចសហប្រតិបត្តិការនានាដែលធ្វើឲ្យទំនាក់ទំនងទ្វេរភាគី និងទំនាក់ទំនងអន្ដរជាតិមានភាពល្អប្រសើរ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់នូវវ៉ាក់សាំង រថយន្ដសង្គ្រោះបន្ទាន់ និងសម្ភារបរិក្ខាពេទ្យជូនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសបានបន្ថែមចំនួន៣០ម៉ឺនដូសទៀត។ សម្ដេចបានចាត់ទុកថា ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់សម្រាប់តម្រូវការរបស់កម្ពុជា ក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩។

សូមជម្រាបថា ប្រទេសជប៉ុន ក៏ជាប្រទេសមួយដែលបានផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសកម្ពុជា តាមរយៈយន្ដការកូវ៉ាក់។

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។

ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់ បានបញ្ជូនមកដល់ប្រទេសប្រទេសកម្ពុជា។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា រកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន៕